2025-04-04 13:25
79

ខេត្តកំពង់ចាម៖ថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ត្រូវនឹង ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្រ្ជាបយេនឌ័រ ក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីនិងបើកសិក្ខាសាលាចែករំលែកលទ្ធផលសិក្សាស្រាវជ្រាវស្ទង់មតិរហ័សស្ដីពី យេនឌ័រ និងជំងឺមិនឆ្លង(ជំងឺទឹកនោមផ្អែម) នៅសណ្ឋាគារ អិល ប៊ី អិន អេស៊ាន(LBN Asia Hotel) ខេត្តកំពង់ចាម។

សិក្ខាសាលានេះមានគោលបំណងដូចខាងក្រោម៖
- ដើម្បីចែករំលែកលទ្ធផលនៃការសិក្សាស្ទង់មតិរហ័ស និងពិភាក្សាពិគ្រោះយោបល់លើបញ្ហានានាដែលបានរកឃើញទាក់ទងនឹងបញ្ហាយេនឌ័រ និងជំងឺមិនឆ្លង និងតួនាទីយេនឌ័រក្នុងសេវាសុខាភិបាល
- ដើម្បីប្រមូលធាតុចូល និងមតិយោបល់ (គន្លឹះ និងដំបូន្មាន) និងរៀបចំចងក្រងសម្រាប់សម្រួលដល់អ្នកជំងឺក្នុងការមកបន្តការទទួលសេវាថែទាំសុខភាពស្របតាមទស្សនៈយេនឌ័រ។
ជាមួយគ្នានេះផងដែរយើងឃើញថា បច្ចុប្បន្ននេះ ក្រសួងសុខាភិបាលកំពុងតែជំរុញ និងលើកកម្ពស់ការថែទាំនិងការការពារជំងឺមិនឆ្លង (ទឹកនោមផ្អែម) ថែមទាំងបានដាក់បញ្ចូលកម្មវិធីនេះទៅក្នុងសេវាសុខាភិបាលនៅកម្រិតមណ្ឌលសុខភាពក្រោមការត្រួតពិនិត្យរបស់មន្ទីរពេទ្យបង្អែកផងដែរ ដូច្នេះសិក្ខាសាលានា ថ្ងៃនេះ គឺជាការចាប់ផ្តើមមួយដែលផ្តល់នូវឱកាសពិសេសជូនដល់អ្នកពាក់ព័ន្ធទាំងអស់បានស្វែងយល់អំពីបញ្ហា យេនឌ័រ និងជំងឺមិនឆ្លង (ជំងឺទឹកនោមផ្អែម) ក៏ដូចជារបកគំហើញសំខាន់ៗដែលបានរកឃើញតាមរយៈការស្ទង់មតិ រហ័សពាក់ព័ន្ធនឹងតម្រូវការខុសៗគ្នារវាងស្ត្រី និងបុរសនៅតាមសហគមន៍ ដែលទទួលរងផលប៉ះពាល់ពីជំងឺមិនឆ្លង។
គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះមានសមាសភាពអញ្ជើញចូលរួមប្រមាណ៤៥ នាក់មកពីក្រសួងសុខាភិបាល ក្រសួងកិច្ចការនារី រដ្ឋបាលខេត្តកំពង់ចាម មន្ទីរសុខាភិបាល និងមន្ទីរកិច្ចការនារីខេត្តកំពង់ចាម មន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ មន្ទីរពេទ្យខេត្តកំពង់ចាម និងមណ្ឌលសុខភាពដែលជាគោលដៅចំនួន៤។