
សៀមរាប៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប មានប្រវែងសរុប ១០៨,៧៤ គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ និងបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ គិតត្រឹមថ្ងៃនេះគឺ រយៈពេល៣ឆ្នាំហើយ និងប្រែក្លាយក្រុងសៀមរាប ឱ្យទៅជាទីក្រុងទំនើប ស៊ីវីល័យ ស័ក្ដិសមជាទីក្រុងឆ្លាតវៃ (Smart City)។
សូមជម្រាបថា ផ្លូវទាំង៣៨ខ្សែនេះ កំពុងដើរតួនាទីជាហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា តភ្ជាប់ទីប្រជុំជនទៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានា និងជួយជំរុញកំណើនដឹកជញ្ជូនគ្រប់ប្រភេទ កាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង ទាក់ទាញវិនិយោគិន ធុរជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។
សមិទ្ធិផលនេះ បានប្រែក្លាយក្រុងសៀមរាបឱ្យទៅជាទីក្រុងទំនើប ស្រស់ស្អាត ស័ក្ដិសមជាទីក្រុងឆ្លាតវៃ (Smart City) និងជាតំបន់ស្នូលនៃប៉ូលសេដ្ឋកិច្ចជាតិ ដ៏មានសក្តានុពល និងជាគោលដៅទេសចរណ៍ វប្បធម៌ បេតិកភណ្ឌ ប្រវត្តិសាស្ត្រ និងធម្មជាតិដ៏មានប្រជាប្រិយភាព៕
