
ភ្នំពេញ៖ នារសៀល ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកថវិកា ចំនួន ៥ លានរៀល រួមជាមួយផ្លែឈើ និងភេសជ្ជៈ ចំនួន ០២ កន្ត្រក ជូនពលការិនី ឈ្មោះ សឿន សំណាង អាយុ ៤៤ឆ្នាំ បន្ទាប់ពីពលការិនីរូបនេះ បានជួបគ្រោះថ្នាក់រងរបួសជើង ដោយសារគ្រោះរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ។
ជនរងគ្រោះបានវិលត្រលប់មកស្រុកកំណើតវិញ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ នៅភូមិវាលថ្នល់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ត្រូវបានបញ្ជូនមកសម្រាកព្យាបាលបន្តនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ រាជធានីភ្នំពេញ។ ពលការិនីរូបនេះ បានចេញទៅធ្វើការនៅប្រទេសថៃ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២៥ តាមរយៈបងប្អូនដែលកំពុងធ្វើការនៅប្រទេសថៃស្រាប់ ដោយធ្វើដំណើរចូលតាមច្រកសំពៅលូន ខេត្តបាត់ដំបង ។
ក្នុងឱកាសនោះ លោក យូ ឡាណា បានមានប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីអាណិតអាសូរយ៉ាងក្រៃលែងជាមួយសុខទុក្ខរបស់ពលករខ្មែរ ដែលរងគ្រោះក្នុងគ្រោះរញ្ជួយដីនេះ។ ដោយលោកគូសបញ្ជាក់ថា៖ «បន្ទាប់ពីទទួលដំណឹងភ្លាមៗ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្វីត្បិតសម្តេចមានទុក្ខធុរក្នុងគ្រួសារក៏ពិតមែន ប៉ុន្តែសម្តេចបានចាត់ឱ្យក្រុមការងារឱ្យចុះជួបដោយផ្ទាល់សួរសុខទុក្ខអ្នករបួស និងនាំយកថវិកាចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសពក្នុងគ្រោះរញ្ជួយដីក្នុងប្រទេសថៃ ទៅដល់ខ្នងផ្ទះនៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃម្សិលម៉ិញនេះផងដែរ»។
ទន្ទឹមនេះ លោកអគ្គលេខាធិការរងទី២ បានជូនពរ ពលការិនី សឿន សំណាង ឆាប់បានជាសះស្បើយ និងមានសុខភាពល្អមាំមួនឡើងវិញ៕