កាលពីរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ កងទ័ពជើងគោកឥណ្ឌា ចំនួន ១២០នាក់ បានធ្វើដំណើរមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីត្រៀមលក្ខណៈចូលរួមក្នុងសមយុទ្ធជាប្រវត្តិសាស្ត្រនេះ ដែលមានរយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។
សមយុទ្ធ «CINBAX-II» ឆ្នាំនេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទយ៉ាងសំខាន់គឺ «រួមគ្នាប្រឆាំងអំពើភេរវកម្ម និងសង្គ្រោះគ្រោះមហន្តរាយ»។ ខ្លឹមសារនៃលំហាត់ រួមមាន៖ លំហាត់ទីបញ្ជាការ (Command Post Exercise): ដើម្បីពង្រឹងការរៀបចំផែនការ និងយុទ្ធសាស្ត្របញ្ជា។ លំហាត់លើទីលាន (Field Training Exercise): ដើម្បីពង្រឹងសមត្ថភាពប្រតិបត្តិការផ្ទាល់ និងការប្រើប្រាស់បច្ចេកទេសរួមគ្នា។
ក្រៅពីការផ្លាស់ប្តូរបទពិសោធន៍ និងការរៀនសូត្រពីគ្នាទៅវិញទៅមក សមយុទ្ធនេះមានគោលដៅចម្បងក្នុងការលើកកម្ពស់ទំនាក់ទំនងយោធា និងភាពជាដៃគូឱ្យកាន់តែជិតស្និទ្ធរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកឥណ្ឌា ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខក្នុងតំបន់។
គួររំលឹកផងដែរថា នេះគឺជាលើកទី២ ហើយដែលកងទ័ពជើងគោកនៃប្រទេសទាំងពីរបានរៀបចំសមយុទ្ធរួមគ្នា បន្ទាប់ពីលើកទី១ ត្រូវបានធ្វើឡើងដោយជោគជ័យនៅក្នុងទឹកដីនៃសាធារណរដ្ឋឥណ្ឌា កាលពីឆ្នាំ២០២៤។ ការរៀបចំសមយុទ្ធលើកទី២ នៅលើទឹកដីកម្ពុជានាពេលនេះ គឺជាសក្ខីភាពមួយបង្ហាញពីការរីកចម្រើននៃទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត៕







