2026-03-17 11:42
5

ភ្នំពេញ៖ អ្នកជំនាញផ្នែកវប្បធម៌ បានបន្យល់ថា ព្រះថោង តោងស្បៃ ដែលជាឈុតឆាក «ព្រះថោងតោងស្បៃនាងនាគ» ជាប្រភពដើមនៃប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរ និងពាក់ព័ន្ធនឹងរឿងព្រេងបង្កើតនគរគោកធ្លក (សម័យហ្វូណន) តាមរយៈការរួមបញ្ចូលគ្នារវាងមនុស្ស (ព្រះថោង) និងនាងនាគ។ ឈុតឆាកនេះក៏ត្រូវបានចាត់ទុកថា ជានិមិត្តរូបនៃសាមគ្គីភាព កំណើតជាតិសាសន៍ និងការគោរពតួនាទីស្ត្រីក្នុងសង្គមខ្មែរ។

ការពន្យលនេះធ្វើឡើងកាលពីព្រឹកថ្ងៃចន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ក្នុងកម្មវិធីបាឋកថា ក្រោមប្រធានបទ៖ «ព្រះថោង តោងស្បៃ អត្ថន័យក្នុងពិធីមង្គលការខ្មែរ» ដែលមានការចូលរួមជាអធិបតីភាពពី លោក ហ៊ឺ វីរៈ ប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌ និងវិចិត្រសិល្បៈ

កម្មវិធីនេះត្រូវបានធ្វើបទបង្ហាញដោយ លោក ហ៊ួន សាវង អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ និងជាអនុប្រធានការិយាល័យកិច្ចការប្រវត្តិសាស្ត្រ នៃនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (ជ្រោយចង្វារ)។

ក្នុងកម្មវិធីនេះ ក៏មានការចូលរួមពី លោក ឈួរ សុបញ្ញា អនុប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត ឯកឧត្តម ហេង សុផាឌី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ព្រមទាំង លោក លោកស្រី ក្រុមការងារនាយកដ្ឋាន ក្រុមការងារ ស.ស.យ.ក. វិស័យវប្បធម៌ និងវិចិត្រសិល្បៈ លោកគ្រូ អ្នកគ្រូ មហាជន និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។

មិនតែប៉ុណ្ណោះ ព្រះថោង តោងស្បៃ គឺជាកិច្ចពិធីចុងក្រោយមួយក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរ បន្ទាប់ពីពិធីសំពះផ្ទឹម ដែលកូនកំលោះតោងស្បៃដើរក្រោយកូនក្រមុំចូលទៅក្នុងបន្ទប់ ដោយស្លៀកពាក់ និងតុបតែងខ្លួនយ៉ាងវិចិត្រ និងប្រណិត។

ជាមួយគ្នានេះ លោកប្រធាន ក៏បានសំណូមពរដល់ក្រុមលេងភ្លេង ក្នុងពេលសម្ដែងសូមឱ្យមានកាយវិការសមរម្យ និងប្រើប្រាស់ពាក្យសំដីប្រកបដោយសុជីវធម៌ ដើម្បីជៀសវាងការប៉ះពាល់ដល់សាសនាផ្សេងៗ និងប្រជាពលរដ្ឋក្នុងសង្គម។

គួរបញ្ជាក់ថា កម្មវិធីបាឋកថានេះ ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីមហាជន និងសិស្សានុសិស្ស ដែលមានសំណូមពរឱ្យមានការរៀបចំបន្តទៀតនាពេលខាងមុខ។ ក្នុងឱកាសនោះ លោកប្រធានក៏បានបង្ហាញឆន្ទៈក្នុងការដឹកនាំក្រុមការងារ និងស្វែងរកដៃគូសហការនានា ដើម្បីបន្តរៀបចំកម្មវិធីដែលមានអត្ថប្រយោជន៍ដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋជាបន្តបន្ទាប់។

ជាទីបញ្ចប់ លោកប្រធាន បានថ្លែងអំណរគុណដល់សាកលវិទ្យាធិការ វាគ្មិន លោកគ្រូ អ្នកគ្រូ មហាជន សិស្សានុសិស្ស និងក្រុមការងារទាំងអស់ ដែលបានចូលរួម និងសហការរៀបចំកម្មវិធីនេះឱ្យប្រព្រឹត្តទៅដោយជោគជ័យ និងបង្កើនការយល់ដឹងបន្ថែមអំពីប្រពៃណី «ព្រះថោង តោងស្បៃ» ក្នុងពិធីមង្គលការខ្មែរ ដែលមានតាំងពីបុរាណកាលរហូតមកដល់សព្វថ្ងៃ៕