អង្គុយលើកៅអីក្នុងតំណែងជាប្រធានាធិបតីមិនទាន់នឹងធឹងស្រួលបួលផង ស្រាប់តែ លោក Jose Jeri ដែលជាប្រធានាធិបតីនៃប្រទេសប៉េរ៉ូ ត្រូវបានសភាដកចេញពីដំណែង។
កំពុងស្ថិតក្នុងភាពចលាចលនៃនយោបាយផ្ទៃក្នុង សភារបស់ប្រទេសប៉េរូកាលពីថ្ងៃអង្គារបានបណ្តេញប្រធានាធិបតី Jose Jeri ចេញពីតំណែងមួយរំពេច ដែលធ្វើឡើងក្រោមហេតុផលជុំវិញការបែកធ្លាយរឿងអាស្រូវ បន្ទាប់ពីលោកបានបង្កើតកិច្ចប្រជុំសម្ងាត់មួយ ជាមួយពាណិជ្ជករចិនម្នាក់ ដែលមិនត្រូវបានបង្ហាញពីខ្លឹមសារនៃការពិភាក្សានេះជាសាធារណៈ។ នេះបើតាម Reuter បានចេញផ្សាយនៅថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០២៦។
មុនពេលដែលសមាជិកសភាចំនួន 75នាក់ដែលបានបោះឆ្នោតគាំទ្រការដក លោក Jeri ចេញពីដំណែង ក្រោយពេលមានគេប្រទះឃើញប្រធានាធិបតីរូបនេះ បានចូលទៅភោជនីយដ្ឋានចិនមួយកន្លែងនៅពេលយប់ ដែលជ្រកក្រោមស្លាកឈ្មោះថា "Chifagate" ដើម្បីជួបជាមួយពាណិជ្ជករចិន លោក Zhihua Yang ដែលជាម្ចាស់ហាងនិងសម្បទានសម្រាប់គម្រោងថាមពល។ ហើយកិច្ចប្រជុំនេះមិនត្រូវបានលាតត្រដាងជាសាធារណៈនោះទេ។
យ៉ាងណាមិញ បន្ទាប់ពីរឿងនេះបានបែកធ្លាយ ភ្លាមៗសមាជិកសភាប៉េរ៉ូក៏បានសម្រេចបោះឆ្នោតដក លោក Jose Jeri ចេញពីតំណែងតែម្ដង ក្រោយពេលការឡើងកាន់អំណាចរបស់គាត់បានត្រឹមតែរយៈពេល៤ខែប៉ុណ្ណោះ។
ជុំវិញការសម្រេចដកតំណែងលឿនដូចផ្លេកបន្ទរបែបនេះ គូសបញ្ជាក់ឲ្យយើងបានដឹងពីរបៀបដែលវណ្ណៈនយោបាយរបស់ប្រទេសប៉េរូ បានបរាជ័យក្នុងការដោះស្រាយកង្វល់របស់អ្នកបោះឆ្នោតដូចជា បញ្ហាឧក្រិដ្ឋកម្ម និងអំពើពុករលួយ ដែលទុកឱ្យប្រទេសនេះជាប់គាំងក្នុងវដ្តនៃការគ្រប់គ្រងត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ជាមួយនឹងពេលវេលា ឬសិទ្ធិអំណាចតិចតួចក្នុងការដោះស្រាយបញ្ហា បូករួមទាំងសភាដែលមិនមានប្រជាប្រិយភាពខ្លាំង ដែលស្វែងរកការគាំទ្រដោយការដកមេដឹកនាំដែលមិនមានប្រជាប្រិយភាពចេញដូចគ្នា។
គួរឲ្យដឹងថា នេះមិនមែនជារឿងថ្មីសម្រាប់ប្រទេសប៉េរូនោះទេ ដោយ លោក Jeri គឺជាប្រធានាធិបតីជាប់គ្នាទីបីហើយរបស់ប្រទេសនេះ ដែលត្រូវបានដកចេញពីតំណែង។ ហើយចំពោះតំណែងប្រធានាធិបតីថ្មីដែលនឹងគ្រោងកាន់អំណាចបន្ទាប់ នឹងត្រូវបានសភាប៉េរ៉ូបោះឆ្នោតជ្រើសរើសនៅថ្ងៃពុធនេះតែម្ដង៕
អត្ថបទដោយ៖ ម៉េង ធីដា





