ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្ញើលិខិតជូន លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីសាធារណរដ្ឋបារាំង ដើម្បីឆ្លើយតបទៅនឹងឆន្ទៈរបស់បារាំង ក្នុងការត្រៀមផ្តល់ឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរវាងកម្ពុជា និងថៃ ប្រសិនបើមានសំណើពីកម្ពុជា។
ក្នុងលិខិត សម្តេចធិបតីបានថ្លែងអំណរគុណចំពោះជំហរគាំទ្ររបស់បារាំងចំពោះបទឈប់បាញ់រវាងកម្ពុជា-ថៃ និងការចូលរួមប្រកបដោយស្ថាបនាក្នុងការជំរុញដំណោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ សម្តេចធិបតីក៏បានគូសបញ្ជាក់ពីការរួមចំណែកយូរអង្វែងរបស់បារាំងចំពោះសន្តិភាព ការអភិវឌ្ឍ និងការកសាងជាតិឡើងវិញរបស់កម្ពុជា ដែលបានជំរុញឱ្យភាពជាដៃគូពហុវិស័យរវាងប្រទេសទាំងពីរមានភាពស៊ីជម្រៅបន្ថែម។
សម្តេចធិបតីបានសង្កត់ធ្ងន់ថា កម្ពុជាផ្តល់សារៈសំខាន់ចំពោះតួនាទីរបស់បារាំង ទាំងក្នុងនាមសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាអ្នកគាំទ្រដ៏សកម្មចំពោះអភិបាលកិច្ចសកល ច្បាប់អន្តរជាតិ និងពហុភាគីនិយម។
ក្នុងបរិបទនេះ កម្ពុជាបានស្នើឱ្យបារាំងពិចារណាផ្តល់ការគាំទ្របច្ចេកទេស ជំនាញ និងការប្រឹក្សាយោបល់ ព្រមទាំងសម្រួលការចែករំលែកឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែន ដែលជាមរតកពីសម័យអាណាព្យាបាល។
សម្តេចធិបតីបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធ្វើការជិតស្និទ្ធជាមួយបារាំង និងដៃគូអន្តរជាតិ ដើម្បីលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយមធ្យោបាយសន្តិភាព ដោយមិនប្រើការគំរាមកំហែង ឬកម្លាំង៕






