2026-02-05 10:27
19

កោះកុង៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៤និង១៧នាទីរសៀល ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ ភាគីកម្ពុជា និងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត ភាគីថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិចាំយាម-ហាតលឹក ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។ កិច្ចប្រជុំនេះ មានការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃផងដែរ។

ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងថា ភាគីកម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ មុំ សាម៉ឺឌី មេបញ្ជាការរងយោធភូមិភាគទី៣ ខណៈភាគីថៃ ដឹកនាំដោយ វរនាវីឯក ឧត្តម គុនសិរិប៉ាន់យ៉ោ នាយសេនាធិការ បញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ទៀតថា ដោយសារភាគីទាំងពីរមិនទាន់រកឃើញចំណុចកណ្តាលរួមគ្នា បានឯកភាពដកឃ្លាវិលត្រឡប់ទៅទីបញ្ជាការរៀងខ្លួន ដើម្បីបន្តផ្លាស់ប្តូរឯកសារ និងពិភាក្សាបន្ថែម។ នៅពេលឈានដល់ការឯកភាពគ្នា នឹងរៀបចំពិធីចុះហត្ថលេខា និងកិច្ចប្រជុំ RBC ជាផ្លូវការបន្តទៀត។

សូមរំលឹកថា កិច្ចប្រជុំពិសេស RBC នេះ អនុវត្តតាមស្មារតីសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានប្តេជ្ញាបន្តអនុវត្តលទ្ធផលកិច្ចប្រជុំឱ្យមានប្រសិទ្ធភាព កាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែន និងលើកកម្ពស់សន្តិភាព ស្ថិរភាព ដើម្បីវិលត្រឡប់ទៅរកប្រក្រតីភាពឱ្យបានឆាប់រហ័ស៕