2026-01-11 13:19
14

ភ្នំពេញ៖ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ចំពោះហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន និងសាធារណៈ ដែលបានរងការខូចខាត ដោយសារស្ថានការណ៍អសន្តិសុខ និងផលប៉ះពាល់ផ្សេងៗ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងចាត់វិធានការយ៉ាងសកម្ម ដើម្បីវាយតម្លៃ និងត្រៀមស្តារឡើងវិញឱ្យបានឆាប់រហ័សបំផុត។ 

តាមរយៈសារពិសេសរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលថ្លែងនៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ សម្តេចបានបញ្ជាក់ថា «ហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាត មានដូចជា សាលារៀន មណ្ឌលសុខភាព ពេទ្យបង្អែក ផ្សារ ផ្លូវ ស្ពាន បណ្តាញទឹកស្អាត អគ្គីសនី និងទូរគមនាគមន៍ ជាដើម ដែលសុទ្ធសឹងជាសេវាសាធារណៈចាំបាច់ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ»។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បច្ចុប្បន្ន ក្រុមការងារចំពោះកិច្ច បាននិងកំពុងធ្វើការវាយតម្លៃលម្អិតលើផលខូចខាតទាំងនេះ ដើម្បីកំណត់អាទិភាព និងផែនការស្តារឡើងវិញឱ្យសមស្របតាមស្ថានភាពជាក់ស្តែង។

ក្នុងន័យនេះ សម្តេចធិបតី បានអះអាងថា រាជរដ្ឋាភិបាល នឹងប្រើប្រាស់ធនធានថវិកាទាំងពីរប្រភព គឺថវិកាជាតិ និងថវិកាពីដៃគូអភិវឌ្ឍន៍ ដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធសាធារណៈទាំងនេះឡើងវិញឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ដោយមានគោលបំណងឲ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅរកជីវភាពធម្មតាវិញ និងបន្តសកម្មភាពសេដ្ឋកិច្ចនិងសង្គមបានដោយរលូន។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថា «ការស្តារឡើងវិញហេដ្ឋារចនាសម្ព័ន្ធសាធារណៈ គឺជាអាទិភាពសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការធានាសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រជាពលរដ្ឋទាំងអស់»៕