2026-01-10 10:57
23

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា សកម្មភាពរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មិនត្រឹមតែអនុវត្តនៅក្នុងកាលៈទេសៈដែលប្រទេសជាតិមានសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែក្រុមគ្រូពេទ្យស្ម័គ្រចិត្ត តែងមានវត្តមានជានិច្ច នៅពេលដែលប្រទេសជាតិ និងប្រជាជនជួបប្រទះការលំបាក ឬត្រូវការជំនួយ។

ការលើកឡើងនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោក ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកថ្មី ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (UHS) ចំនួន ៥០០នាក់។

ក្នុងពិធីនេះ លោកបណ្ឌិត សាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានរាយការណ៍អំពីសមិទ្ធផលរយៈពេល ១៤ ឆ្នាំកន្លងមក រួមមានការពង្រីកសេវាថែទាំ និងព្យាបាលសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ការបណ្តុះស្មារតីមនុស្សធម៌ និងការចូលរួមគាំទ្រកិច្ចការងារសង្គម និងបេសកកម្មជាតិជាច្រើន។

លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលា ដើម្បីបម្រើបុព្វហេតុមនុស្សធម៌ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា។ 

លោកក៏បានគូសបញ្ជាក់ថា ការរីកចម្រើនរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត គឺអាស្រ័យលើការយល់ដឹងច្បាស់លាស់អំពីបេសកកម្មក្នុងការសម្រាលបន្ទុកប្រទេសជាតិ និងការបំពេញតម្រូវការសុខាភិបាលនៅមូលដ្ឋាន។

លោកបានបន្ថែមថា វត្តមាន និងការខិតខំរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត គឺជាភស្តុតាងបង្ហាញពីឆន្ទៈដ៏មោះមុត ក្នុងការបម្រើប្រទេសជាតិ និងប្រជាជនដោយមិនរើសពេលវេលា ឬកាលៈទេសៈឡើយ៕