ភាពចម្រូងចម្រាសកំពុងវាយលុកយ៉ាងខ្លាំងក្នុងជួររដ្ឋាភិបាលថៃ បន្ទាប់ពីមានការបែកធ្លាយតម្រុយអំពីខ្សែបណ្ដាញអំពើទុច្ចរិតដ៏ស្មុគស្មាញ ដែលពាក់ព័ន្ធនឹងអ្នកនយោបាយ និងមន្ត្រីជាន់ខ្ពស់មួយចំនួនក្នុងករណីល្បែងស៊ីសង ឆបោកតាមអនឡាញ និងបណ្តាញគ្រឿងគ្រឿងញៀនខុសច្បាប់។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ ឧត្តមសេនីយ៍ Rutthaphon Naowarat បានបង្ហើបព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលថា មានអ្នកនយោបាយ និងសមាជិកសភាប្រមាណ ១០ រូប កំពុងស្ថិតក្រោមការស៊ើបអង្កេត ពាក់ព័ន្ធនឹងអាជីវកម្មងងឹត រួមមាន ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scammer) ល្បែងស៊ីសងអនឡាញ និងបណ្ដាញគ្រឿងញៀនឆ្លងដែន។
នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ Thairath និងបណ្តាញសារព័ត៌មានល្បីក្រុងបាងកកមួយចំនួនទៀតបានរាយការណ៍ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦នេះ។
ការវិវត្តដ៏ក្ដៅគគុកនេះ កើតឡើងបន្ទាប់ពីមានការរិះគន់ចំៗពីសំណាក់ លោក រាំងស៊ីម៉ាន់ រ៉ូម (Rangsiman Rome) សមាជិកសភាគណបក្សប្រជាជន ដែលបានចោទប្រកាន់ថា រដ្ឋាភិបាលមាន «ភាពទន់ជ្រាយ» ក្នុងការទប់ស្កាត់លំហូរថវិកាកខ្វក់ ដែលកំពុងជ្រៀតជ្រែកចូលក្នុងវិស័យនយោបាយ និងយុទ្ធនាការបោះឆ្នោត។
ឧត្តមសេនីយ៍ឯក Ruttapol បានបញ្ជាក់ដោយប្រុងប្រយ័ត្នថា ព័ត៌មានទាំងនេះនៅស្ថិតក្នុងដំណាក់កាល ផ្ទៀងផ្ទាត់ទិន្នន័យនៅឡើយ ដោយគោលដៅសំខាន់ គឺការតាមដាន និងបំបែកបណ្ដាញ «មូលនិធិប្រផេះ-ខ្មៅ» ដែលត្រូវបានប្រើប្រាស់ក្នុងការប្រកួតប្រជែងនយោបាយ។
ជាមួយគ្នានេះដែរ មុខមាត់របស់ប្រទេសថៃ នៅលើឆាកអន្តរជាតិ កំពុងរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីបណ្ដាញទូរទស្សន៍កូរ៉េខាងត្បូងមួយចំនួន បានផ្សាយរាយការណ៍អំពី វិបត្តិអសន្តិសុខ នៅក្នុងប្រទេសថៃ ដោយពណ៌នាថា ជាសម្បុកក្រុម Scammer និងជាដែនដីចែកចាយគ្រឿងញៀនដ៏គ្រោះថ្នាក់។
គួរឱ្យកត់សម្គាល់ថា ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃមួយចំនួន ហាក់ព្យាយាមបិទបាំង ឬបន្ថយទំងន់នៃរឿងអាស្រូវក្នុងប្រទេសខ្លួន យ៉ាងណាក៏ដោយក៏មានការបង្វែរទិសដៅព័ត៌មាន ទៅផ្តោតលើការផ្សព្វផ្សាយអវិជ្ជមានចំពោះប្រទេសជិតខាងផងដែរ។
លោក រ៉ូម បញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលអះអាងថា មិនមានអ្នកនយោបាយ ឬបេក្ខជនសមាជិកសភា ពាក់ព័ន្ធនឹងក្រុម Scammer ឬល្បែងស៊ីសងអនឡាញនោះ បានបង្ហាញយ៉ាងច្បាស់ពី ការបរាជ័យក្នុងការគ្រប់គ្រងរដ្ឋាភិបាល។
លោកបានបន្តថា រដ្ឋាភិបាលបច្ចុប្បន្ន អសមត្ថភាពទាំងស្រុង ក្នុងការទប់ស្កាត់បណ្ដាញ «ប្រផេះ» មិនឱ្យកើនអំណាច និងជ្រៀតជ្រែកចូលក្នុងវិស័យនយោបាយបាន៕



