ភ្នំពេញ៖ នៅវិមាន ៧មករា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែមករា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យបងប្អូនវីរៈកងទ័ព ចំនួន ១៨ រូប ព្រមទាំងក្រុមគ្រួសារ ចូលជួបសំណេះសំណាល និងសួរសុខទុក្ខ ក្នុងបរិយាកាសកក់ក្តៅ និងពោរពេញដោយភាពស្និទ្ធស្នាល។
ក្នុងឱកាសនោះ សម្តេចតេជោ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់ដ៏មហិមា ការអត់ធ្មត់ និងស្មារតីស្នេហាជាតិរបស់វីរៈកងទ័ព ដែលបានបំពេញភារកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី សន្តិភាព និងសុវត្ថិភាពជាតិ ទោះបីជាប្រឈមនឹងការលំបាក និងគ្រោះថ្នាក់យ៉ាងណាក៏ដោយ។
សម្តេចតេជោ ក៏បានសួរសុខទុក្ខអំពីស្ថានភាពរស់នៅ សុខភាព និងជីវភាពរបស់វីរៈកងទ័ព និងក្រុមគ្រួសារ ព្រមទាំងលើកទឹកចិត្តឱ្យបន្តរក្សាស្មារតីរួបរួម សាមគ្គីភាព និងភាពរឹងមាំ ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ។
ជាមួយគ្នានេះ សម្តេចតេជោ បានបញ្ជាក់ពីការយកចិត្តទុកដាក់ជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ចំពោះកងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ ដោយចាត់ទុកថា វីរៈកងទ័ពគឺជាស្នូលសំខាន់ ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនយូរអង្វែង។
ជំនួបសំណេះសំណាលនេះ បានបញ្ចប់ទៅក្នុងបរិយាកាសពោរពេញដោយអារម្មណ៍ក្តីគោរព សេចក្តីថ្លែងអំណរគុណ និងទំនុកចិត្តរវាងថ្នាក់ដឹកនាំ និងបងប្អូនវីរៈកងទ័ព ដែលជាបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ និងការចងខ្សែបេះដូងយ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំជាតិ និងកងកម្លាំងការពារជាតិ៕




