កំពង់ស្ពឺ៖ បុរសជាគ្រូបង្រៀនម្នាក់ ស្រឡាញ់ភេទដូចគ្នា បានជិះម៉ូតូកង់បីស្កាត់ទៅរកជួបសង្សារដែលត្រូវជាសិស្សរបស់ខ្លួនដល់ផ្ទះ ប៉ុន្តែ កើតមានជម្លោះពាក្យសម្តីជាមួយស្ត្រីជាម្តាយរបស់សង្សារ ឈានដល់ប្រតាយប្រតប់ និងប្រើអំពើហិង្សាចាក់នឹងដែកចុងស្រួចបណ្តាលឱ្យមនុស្ស ០២ នាក់ រងរបួសធ្ងន់ធ្ងរ និងស្រាល។
ក្រោយកើតមានអំពើហិង្សា សមត្ថកិច្ចនគរបាលក្រុងច្បារមន បានចុះអន្តរាគមន៍ និងឃាត់ខ្លួនជនដៃដល់ភ្លាមៗ ដើម្បីធ្វើការសាកសួរតាមនិតិវិធីនៅអធិការដ្ឋាននគរបាលក្រុង។
អំពើហិង្សាខាងលើបានកើតឡើងកាលពីវេលាម៉ោង ២០ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ កន្លងមក ស្ថិតក្នុងភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
តាមរបាយការណ៍បានឱ្យដឹងថា ជនដៃដល់មាន ឈ្មោះ គង់ សេដ្ឋារ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ ជាគ្រូបង្រៀន រស់នៅភូមិមុខខេត្ត សង្កាត់រការធំ ក្រុងច្បារមន ត្រូវបានឃាត់ខ្លួន។ ចំណែក ជនរងគ្រោះមានឈ្មោះ ជា រតនា អាយុ ៤៣ ឆ្នាំ ត្រូវជាម្តាយក្មេងប្រុស ឈ្មោះ គ.ល.ម អាយុ ១៣ ឆ្នាំ ត្រូវជាសិស្សរបស់ជនដៃដល់ និងជាសង្សានឹងគ្នាផងដែរ។
នៅមុនពេលកើតហេតុ ឈ្មោះ គង់ សេដ្ឋារ៉ា ជាមនុស្សស្រឡាញ់ភេទដូចគ្នា បានជិះម៉ូតូកង់បីស្កាត់ទៅជួបសង្សារឈ្មោះ គ.ល.ម. នៅភូមិ/ឃុំកើតហេតុខាងលើ ប៉ុន្តែ ត្រូវម្តាយក្មេងប្រុសមិនឱ្យជួបកើតមានជម្លោះពាក្យសម្តី បានយកដែកចុងស្រួចចាក់ស្ត្រីរងគ្រោះត្រូវចំពោះ និងក្រោមចង្ការខាងស្ដាំ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ។ ភ្លាមៗនោះ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ហើយឈ្មោះ យោង ប៊ន ភេទប្រុស អាយុ ៣៨ ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នា ក៏បានចូលទៅជួយឃាត់ត្រូវឈ្មោះ គង់ សេដ្ឋារ៉ា បានចាក់ត្រូវចំកែងដៃខាងឆ្វេង និងស្មាបណ្តាលឲ្យរបួសស្រាលផងដែរ។
ក្រោយទទួលព័ត៌មាននេះ កម្លាំងអធិការដ្ឋានក្រុង សហការជាមួយនគរបាលប៉ុស្ដិ៍នគរបាលសង្កាត់ស្វាយក្រវ៉ាន់ បានចុះទៅកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវឃាត់ខ្លួន ឈ្មោះ គង់ សេដ្ឋារ៉ា យកមកសាកសួរនាំតាមនិតិវិធី។
ជនសង្ស័យដៃដល់បានឆ្លើយសារភាពថា “ខ្លួនពិតជាបានធ្វើសកម្មភាពចាក់ជនរងគ្រោះទាំង ០២នាក់ បណ្តាលឱ្យរងរបួសពិតប្រាកដមែន។ មូលហេតុដោយសារតែទំនាស់ពាក្យសម្ដីគ្នាទើបឈានដល់មានអំពើហិង្សាបែបនេះ”។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងដៃដល់ខាងលើ ត្រូវបានឃាត់ខ្លួន និងបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕





