ពោធិ៍សាត់៖ រសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលជាជនភៀសសឹក មកពីឃុំថ្មដា ព្រំដែនកម្ពុជា-ថៃ កំពុងស្នាក់នៅជាបណ្តោះអាសន្ននៅទីតាំងមានសុវត្តិភាព ក្នុងទីប្រជុំជនស្រុកវាលវែង។
បើតាម លោក ធាង ឡេង អភិបាលស្រុកវាលវែង បានបញ្ជាក់ឲ្យដឹងថា ប្រជាពលរដ្ឋដែលបានជម្លៀសចេញពីឃុំថ្មដា សរុបមានប្រមាណ ៣ ៧៣៦ នាក់ ស្មើរនឹង ៩០០ គ្រួសារ ។ ក្រោមការយកចិត្តទុកដាក់ពី លោក ខូយ រីដា ជាអភិបាលខេត្ត អាជ្ញាធរខេត្តពោធិ៍សាត់ និងអាជ្ញាធរស្រុកវាលវែង បានរៀបចំទីតាំងមានសុវត្ថិភាពចំនួន ០២ កន្លែង និងបានជួយអន្តរាគមន៍ជួយជម្លៀសប្រជាពលរដ្ឋដែលប្រឈមខ្លាំង មកកាន់ទីតាំងមានសុវត្ថិភាព។
គិតត្រឹមម៉ោង ៣រសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ មានបងប្អូនប្រជាពលរដ្ឋ ដែលជាជនភៀសសឹក កំពុងស្នាក់នៅបណ្តោះអាសន្ននៅទីតាំងមានសុវត្ថិភាព សរុបមានចំនួន ១ ៧៧៩ នាក់ ក្នុងនោះស្រី ៩៣១ នាក់ សិស្សានុសិស្ស ចំនួន ៣៨៩ នាក់ ស្រ្តីមានផ្ទៃពោះ ចំនួន ០៩ នាក់ និងមនុស្សអាយុក្រោម ១៥ឆ្នាំ មាន ៦០៤នាក់ ។
ក្នុងឱកាសនោះ លោក ខូយ រីដា បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋជនភៀសសឹកថា ប្រទេសកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា គោរពជានិច្ចនូវកិច្ចព្រមព្រៀងសន្តិភាព កម្ពុជាត្រូវការសន្តិភាព មិនត្រូវការសង្គ្រាមនោះទេ តែបើមានការរំលោភឈ្លានពាន ភារកិច្ចចំបង និងចំពោះមុខរបស់រាជរដ្ឋាភិបាលគឺ: “ការពារប្រជាជន ការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា” នេះបើតាមប្រសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។ សម្តេចក៏បានអំពាវនាឱ្យគ្រប់ក្រសួង ស្ថាប័ន អជ្ញាធរគ្រប់លំដាក់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋខ្មែរទាំងអស់ រួមសាមគ្គីគ្នា ដើម្បីបុព្វហេតុជាតិ មាតុភូមិក្នុងដំណាក់កាលដ៏លំបាកនេះ។
ជាមួយគ្នានោះ លោកអភិបាលខេត្ត បានណែនាំឲ្យក្រុមការទទួលជនភៀសសឹកធានាឲ្យបាននូវ សណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អ នៅតាមទីតាំងសុវត្ថិភាព បំពេញតាមតម្រូវការផ្សេងៗ សម្រាប់បងប្អូនប្រជាពលរដ្ឋជនភៀសសឹកស្នាក់នៅ៕






