2025-12-09 18:18
12

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានស្នើទៅឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា ទំនាក់ទំនងទៅលោក Matt Hunt អ្នកកាសែតឯករាជ្យម្នាក់ ដែលបម្រើការងារឱ្យសារព័ត៌មាន France 24 ដែលមានមូលដ្ឋាននៅប្រទេសថៃ ទាក់ទងនឹងការរាយការណ៍ ដែលមានលក្ខណៈវិនិច្ឆ័យដោយលម្អៀង និងការអត្ថធិប្បាយជាលក្ខណៈផ្ទុយរបស់គាត់ស្តីពីជម្លោះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ រវាងកម្ពុជា និងថៃ ជាពិសេសអត្ថបទដែលមានចំណងជើងថា “ប្រទេសថៃ ធ្វើការវាយប្រហារតាម អាកាស ដើម្បីការពារខ្លួនបន្ទាប់ពីការប៉ះទង្គិចគ្នា នៅតាមព្រំដែនដែលបានសម្លាប់ទាហានថៃ”។

គ.ស.ម.ក ចាំបាច់ត្រូវតែបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងរបស់ខ្លួនចំពោះរបាយការណ៍ខាងលើ ព្រោះវាបង្ហាញពីការរៀបរាប់មួយ ដែលមានគោលបំណងបម្រើផលប្រយោជន៍ខ្លួនឯងដោយបំភាន់ និងដើម្បីឱ្យមានការយល់ច្រឡំ មិនឆ្លុះបញ្ចាំងពីស្ថានភាពពិតជាក់ស្តែងអំពីករណីព្រំដែន កម្ពុជា-ថៃ ហើយក៏មិនស្របតាមស្តង់ដារសារព័ត៌មាន ដែលអ្នកសារព័ត៌មានត្រូវប្រកាន់ខ្ជាប់ជាមូលដ្ឋាននូវភាពត្រឹមត្រូវ ភាពមិនលម្អៀង និងភាពយុត្តិធម៌។ ដោយមិនរិះគន់ចំពោះការវាយប្រហារតាមអាកាស ហើយបែរជាផ្សាយថា ជាសកម្មភាព “ការពារខ្លួន” ការរាយការណ៍នេះពឹងផ្អែកលើលេសដែលប្រតិដ្ឋ និងគ្មានមូលដ្ឋាន ដែលមិនអើពើនឹងភស្តុតាងដែលត្រូវធ្វើការផ្ទៀងផ្ទាត់ មានរួមទាំងករណីជាច្រើន ដែលកងកម្លាំងប្រដាប់អាវុធថៃ បានផ្តួចផ្តើមអរិភាពយ៉ាងច្បាស់លាស់នៅក្នុងទឹកដីកម្ពុជា បានបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជនស៊ីវិលជាច្រើននាក់ ការផ្លាស់ទីលំនៅជាច្រើនគ្រួសារ និងការបំផ្លិច បំផ្លាញទ្រព្យសម្បត្តិឯកជន និងហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិលយ៉ាងសន្ធឹកសន្ធាប់។

ការបំភ្លៃបែបនេះមិនត្រឹមតែផ្តល់ព័ត៌មានមិនពិតដល់សាធារណជនអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រឈម នឹងហានិភ័យនៃការបង្កើនភាពតានតឹងបន្ថែមទៀត ក្នុងអំឡុងពេលស្ថានភាពមានភាពតានតឹងរួចទៅហើយ។ ការរាយការណ៍មិនត្រឹមត្រូវដែលមានគោលបំណងបង្កើតការមួលបង្កាច់ និងប្រើប្រាស់ជាឧបាយកលជាយុទ្ធសាស្ត្រ នៅពេលស្ថានភាពកំពុងមានជម្លោះនេះ អាចបណ្តាលឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ជនស៊ីវិលដែលរងផលប៉ះពាល់ ហើយវាធ្វើឱ្យខូចនូវគោលការណ៍នៃសារព័ត៌មាន ដែលមានទំនួលខុសត្រូវ និងត្រូវបានរំពឹងទុកពីសំណាក់អង្គការប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិដែលមានកេរ្តិ៍ឈ្មោះល្អ។

លើសពីនេះ ការផ្តល់ព័ត៌មានដែលមិនត្រឹមត្រូវទាំងនេះ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់សាធារណជនក្នុងការ ទទួលបានព័ត៌មានពិតជាក់ស្តែង មានតុល្យភាព និងអាចទុកចិត្តបាន ដែលជាសិទ្ធិមនុស្សសំខាន់មួយត្រូវបានទទួលស្គាល់ក្រោមស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ។ សិទ្ធិក្នុងការទទួលបានព័ត៌មានពិត មានសារៈសំខាន់ណាស់ ក្នុងការធានាបានឱ្យនូវតម្លាភាព ការទទួលខុសត្រូវ និងការការពារប្រជាជន ដែលរស់នៅក្នុងតំបន់រងផលប៉ះពាល់ ដោយជម្លោះ។

គ.ស.ម.ក. បានកត់សម្គាល់បន្ថែមទៀតថា France 24 គឺសារព័ត៌មានអន្តរជាតិដ៏សំខាន់មួយរបស់ សាធារណរដ្ឋបារាំង ហើយការរាយការណ៍របស់ France 24 អាចត្រូវបានយល់ឃើញទូទាំងពិភពលោកថា ឆ្លុះបញ្ចាំង ឬយ៉ាងហោចណាស់ជាជំហរដែលមានឥទ្ធិពលពីរដ្ឋាភិបាលបារាំង។ សម្រាប់ហេតុផលនេះ ការធានាឱ្យបាននូវការរាយការណ៍ដែលមានប្រភពច្បាស់លាស់ ការវិភាគដោយមិនលម្អៀង និងការមានការផ្ទៀងផ្ទាត់ទៅលើភស្តុតាង គឺចាំបាច់ណាស់ ហើយគួរតែត្រូវបានធ្វើឡើងដោយប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈសារព័ត៌មានខ្ពស់បំផុត។ ដើម្បីធានាបាននូវតម្លាភាព និងសិទ្ធិទទួលបានព័ត៌មាន កម្ពុជាតែងតែរាយការណ៍ព័ត៌មានដែលត្រូវបានផ្ទៀងផ្ទាត់ និងផ្តល់ព័ត៌មានថ្មីៗជាផ្លូវការ ដែលមានទាំងជាភាសាអង់គ្លេសទាក់ទងនឹងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ 

គ.ស.ម.ក. ស្នើឱ្យអ្នកសារព័ត៌មានរបស់ France 24 ក៏ត្រូវធ្វើការស្រាវជ្រាវយ៉ាងហ្មត់ចត់ផងដែរ ដោយរួមបញ្ចូលព័ត៌មានពីភាគីកម្ពុជា ដើម្បីជៀសវាងការរាយការណ៍ជាឯកតោភាគី ដែលអាចឈានដល់ការបង្កើនភាពតានតឹង និងដើម្បីប្រកាន់ខ្ជាប់នូវការគោរពគោលការណ៍នៃសារព័ត៌មានដែលមានទំនួលខុសត្រូវ និងសីលធម៌វិជ្ជាជីវៈ ជាជាងការផ្សាយដោយលក្ខណៈបំភាន់ និងមានចរិតនយោបាយណាមួយ។

ដោយពិនិត្យឃើញពីកង្វល់ដ៏ធ្ងន់ធ្ងរទាំងនេះ គ.ស.ម.ក. ក៏បានស្នើដល់ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ទាក់ទងជាមួយសារព័ត៌មាន France 24 និងថ្នាក់ដឹកនាំរបស់អ្នកនិពន្ធ ដើម្បី ពិនិត្យ និងកែតម្រូវភ្លាមៗ នូវខ្លឹមសារដែលបំភាន់ និងគ្មានមូលដ្ឋាននៃព័ត៌មានដូចមានរៀបរាប់ខាងលើ និងធានាថា ការផ្សាយព័ត៌មាននាពេលអនាគត ទាក់ទងនឹងភាពតានតឹងនៅព្រំដែន កម្ពុជា-ថៃ គោរពតាមស្តង់ដារសារព័ត៌មានអន្តរជាតិ រួមទាំងការយកចិត្តទុកដាក់ខ្ពស់ចំពោះផលប៉ះពាល់ផ្នែកសិទ្ធិមនុស្ស នៃសកម្មភាពយោធា តាមរយៈការផ្ទៀងផ្ទាត់ប្រកបដោយកិច្ចសហប្រតិបត្តិការ ជាជាងផ្អែកលើការ អះអាង និងវាយតម្លៃដែលបានគ្រោងទុកជាមុនណាមួយ៕