2025-12-09 17:37
11

បន្ទាយមានជ័យ៖ គិតត្រឹមម៉ោង ០៤និង៥០នាទី ល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ នេះ នៅសមរភូមិមុខទិសខេត្តបន្ទាយមានជ័យ ក្នុងតំបន់ភូមិជោគជ័យ ភូមិព្រៃចាន់ ច្រកបឹងត្រកួន និងបង្គោលព្រំដែនលេខ ៤៨ មានស្ថានភាពស្ងប់ស្ងាត់ ប្រមាណជាង ២០ នាទី បន្ទាប់ពីកម្លាំងប្រដាប់អាវុធកម្ពុជា បានប្រើប្រាស់ប្រព័ន្ធកាំជ្រួចហ្វូង BM-21 ដើម្បីកម្ទេចទីតាំងឈរជើងរបស់យោធាថៃ នៅទល់មុខភូមិជោគជ័យ។

ក្រោយពីមានការឆ្លើយតបពីសំណាក់យោធាកម្ពុជា បានធ្វើឱ្យយោធាថៃមានភាពស្ងប់ស្ងាត់បន្តិច និងមិនទាន់មានបាញ់ចូលក្នុងដែនអធិបតេយ្យកម្ពុជាបន្តទៀតឡើយ។ ទោះជាយ៉ាងណាកងកម្លាំងកម្ពុជាជួរមុខនៅតែប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារបូរណភាពទឹកដី និងដែនអធិបតេយ្យជាតិពីសកម្មភាពរំលោភបំពានគ្រប់ពេលវេលា។

ជាការកត់សម្គាល់បានបង្ហាញថា កម្លាំងយោធាកម្ពុជាម្ចាស់ការ និងប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ក្នុងស្ថានភាពតានតឹងតាមព្រំដែនកាន់តែខ្លាំង៕