ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានបង្ហាញរបាយការណ៍ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ នេះថា ចំនួនប្រជាពលរដ្ឋភៀសខ្លួនចេញពីតំបន់មានការប្រយុទ្ធតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ កំពុងកើនឡើងបន្តបន្ទាប់ ក្នុងអំឡុងជម្លោះដែលកើតមានរយៈពេលច្រើនថ្ងៃចុងក្រោយនេះ។
តាមរបាយការណ៍ផ្លូវការ បច្ចុប្បន្ន មានប្រជាពលរដ្ឋ ជិត ២១,០០០ នាក់ ត្រូវបានជម្លៀសចេញពីភូមិឋានរបស់ខ្លួន និងផ្លាស់ទីញៀនទៅកាន់តំបន់សុវត្ថិភាព ដែលរៀបចំដោយអាជ្ញាធរ ក្នុងបីខេត្តតំបន់ព្រំដែន រួមមាន៖ ខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ។
១៖ ខេត្តព្រះវិហារ មានប្រជាពលរដ្ឋពីឃុំ ចំនួន ៦ ក្នុងស្រុកជាំក្សាន្ត សរុប ១,៤៩១ គ្រួសារ ស្មើនឹង ៥,៥៩៧ នាក់ ត្រូវបានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាព ចំនួន ០៨ កន្លែង។ ក្រុមការងារសង្គ្រោះបឋម កំពុងបន្តផ្តល់ជំនួយអាហារ និងសម្ភារៈចាំបាច់ជូនគ្រួសារទាំងនេះ។
២៖ នៅខេត្តឧត្តរមានជ័យ មានប្រជាពលរដ្ឋ ចំនួន ៣,៤៧៨ គ្រួសារ ស្មើនឹង ១១,០៦០ នាក់ ត្រូវបានជម្លៀសទៅកាន់ទីធ្លាសុវត្ថិភាព ចំនួន ០៦ កន្លែង។ អាជ្ញាធរមូលដ្ឋាន បន្តសហការជាមួយក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពជូនប្រជាពលរដ្ឋ និងទី៣៖ ខេត្តបន្ទាយមានជ័យក៏កំពុងធ្ងន់ធ្ងរ ដោយមានប្រជាពលរដ្ឋ ចំនួន ៤,៥៦២ នាក់ ត្រូវបានបណ្តេញចេញពីតំបន់ប្រយុទ្ធ ហើយជម្លៀសទៅកាន់តំបន់សុវត្ថិភាព និងផ្ទះសាច់ញាតិជិតៗ។
ក្រសួងមហាផ្ទៃ បានជម្រាបថា ការជម្លៀសប្រជាពលរដ្ឋទាំងនេះ ត្រូវបានធ្វើឡើងយ៉ាងប្រុងប្រយ័ត្ន និងមានការសម្របសម្រួលជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន កម្លាំងសន្តិសុខ និងអង្គការសង្គ្រោះផ្សេងៗ។ ក្រសួងបានបន្ថែមថា ក្រុមការងារនៅតាមតំបន់កំពុងបន្តតាមដានស្ថានភាព និងត្រៀមផ្ដល់ជំនួយបន្ថែម ប្រសិនបើមានការជម្លៀសថ្មីកើតឡើង៕






