2025-12-09 16:30
11

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអំពាវនាវអង្គទូតបរទេសប្រចាំកម្ពុជា ចំនួន ៣០ ស្ថាប័ន និងអង្គការអន្តរជាតិ ០៣ ក្នុងនោះរួមមាន តំណាងអង្គការសហប្រជាជាតិ ជួបប្រជុំបន្ទាន់ ដើម្បីធ្វើបទបង្ហាញអំពីស្ថានភាពតានតឹងនៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្រោយកងយោធាថៃបានបើកប្រតិបត្តិការវាយប្រហារឈ្លានពានចំពោះកម្ពុជា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូមកម្សិលនេះ។

ក្រសួងការបរទេស បានធ្វើបទបង្ហាញអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ក្រោយយោធាថៃ បានបើកការវាយប្រហារឈ្លានពានមកលើកម្ពុជា ដែលសកម្មភាពនៃរំលោភបំពានលើ “បទឈប់បាញ់” និង សេចក្តីថ្លែងការណ៍រួម ស្តីពី កិច្ចព្រមព្រៀងសន្តិភាពរវាង កម្ពុជានិងថៃ” អស់រយៈពេល៣ថ្ងៃមកហើយ ចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកទល់ថ្ងៃនេះ។ 

នៅក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានចូលរួមធ្វើបទបង្ហាញអំពីស្ថានការណ៍ជាក់ស្តែងនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ដែលកំពុងកើតមាន។ នៅក្នុងការធ្វើបទបង្ហាញជូនអង្គទូតបរទេសប្រចាំកម្ពុជា អង្គការអន្តរជាតិ និងតំណាងអង្គការសហប្រជាជាតិ ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃកម្ពុជា (CLG)   បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចូលរួមស្ដាប់បទបង្ហាញខាងលើតាមរយៈប្រព័ន្ធ ZOOM ផងដែរ។

នៅក្នុងខ្លឹមសារនៃការធ្វើបទបង្ហាញ ក្រសួងការពារជាតិ បានបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ និងប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយ ដែលភាគីទាំងពីរសម្រេចបានកន្លងមក ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ 

កម្ពុជា ប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។ 

ទន្ទឹងនឹងនេះ កម្ពុជា អំពាវនាវឱ្យភាគីថៃវិលត្រឡប់មកអនុវត្តវិញនូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា និងថៃ ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមការធ្វើជាសាក្សីរបស់ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ប្រធានអាស៊ានប្តូរវេន៕