បាត់ដំបង៖ ក្រោយផ្ទុះការរិះគន់ការតែងតាំង លោក សុខ លូ ជាអភិបាលខេត្តបាត់ដំបង សម្រាប់អាណត្តិទី២ នៅលើបណ្តាញសង្គមយ៉ាងច្រើន នៅថ្ងៃសៅរ៍ចុងសប្តាហ៍ ទី០៦ ខែធ្នូនេះ លោក លាង វាសនា អភិបាលក្រុងបាត់បំបង បានបង្ហាញនូវរបាយការណ៍អភិវឌ្ឍន៍ នៅលើបណ្តាញសង្គមផ្លូវការថា “ក្រុងបាត់ដំបង បានទទួលថវិកាហិរញ្ញប្បទានប្រមាណ ៥៥ លានដុល្លារ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍សំខាន់ៗ ចំនួន ០២ ដែលផ្តោតលើការកែលម្អប្រព័ន្ធទឹកកខ្វក់ អនាម័យ បណ្តាញទឹកស្អាត និងការកែលម្អគ្រប់គ្រងបរិស្ថានក្រុងនៅជុំវិញតំបន់បឹងទន្លេសាប”។
លោកបានបន្ថែមថា ថវិកាហិរញ្ញប្បទាន ៥៥ លានដុល្លារ របស់ ADB ត្រូវបានអនុវត្តគម្រោងទី១៖ កែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាប (ខាងកើតស្ទឹង) ចាប់ផ្តើមនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅសង្កាត់ព្រែកព្រះស្តេច និងសង្កាត់រតនៈ។ គម្រោងនេះ បានសម្រេចសមិទ្ធផលសំខាន់ៗរួមមាន៖ ការតភ្ជាប់បណ្តាញទឹកកខ្វក់ទៅផ្ទះ ៤,៣៣១ ទីតាំង និងអគារពាណិជ្ជកម្ម ១៧១ទីតាំង។
សាងសង់បង្គន់ជួយគ្រួសារក្រីក្រ ៤០០ កន្លែង។ តបណ្តាញទុយោកប់ដី សរុបជាង ៩៥ គីឡូម៉ែត្រ រួមមាន៖ ទុយោមេ ៣២,៥៦គ.ម, ទុយោរង ៥៦,៧១គ.ម និងទុយោសម្ពាធ ៦,៧០គ.ម។ សាងសង់ស្ថានីយបូមទឹកកខ្វក់ ចំនួន ០៥ កន្លែង (ស្ថានីយមេ ២, រង ៣)។
អាងប្រព្រឹត្តកម្មទឹកកខ្វក់ទំហំ ១០ ហិកតា មានសមត្ថភាពចម្រោះ ៨,៥០០ ម៉ែត្រគូប/ថ្ងៃ។ ជួសជុលផ្លូវថ្នល់ ដែលខូចដោយសារការសាងសង់ រួមមាន៖ ផ្លូវ DBST ៥៨ ខ្សែ ប្រវែង ៣២.៤០គ.ម, ផ្លូវបេតុង ២៥ ខ្សែ ប្រវែង ៦.១០គ.ម, ផ្លូវ AC ២ខ្សែ ប្រវែង ៤.២០គ.ម, ផ្លូវបេតុងថ្មី ៧.៦៤៤ម ទៅស្ថានីយនៅភូមិបេង។
ចំពោះគម្រោងទី២៖ ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត (ខាងលិចស្ទឹង) ចាប់អនុវត្តពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ទីតាំងក្នុងសង្កាត់ស្វាយប៉ោ និងសង្កាត់ចំការសំរោង។
សមិទ្ធផលរួមមាន៖ តភ្ជាប់បណ្តាញទឹកកខ្វក់ទៅផ្ទះ ៤,៤៦៨ ទីតាំង, បណ្តាញទុយោមេ និងរងបញ្ជូន សរុបប្រវែងជាង ៨១គ.ម, សាងសង់ស្ថានីយបូមទឹកកខ្វក់ ០១ កន្លែង (SAWA), អាងប្រព្រឹត្តកម្មទឹកកខ្វក់ ទំហំ ៨.៩ ហិកតា អាចចម្រោះបាន ១២,០០០ ម៉ែត្រគូប/ថ្ងៃ មានស្រះ ចំនួន ៨ ស្រះ និងអគារការិយាល័យ ។ល។
ជួសជុលផ្លូវដែលខូច ចំនួន ៣១ ខ្សែ ប្រវែង ១៤.៧៤គ.ម និងគ្រោងបន្តការជួសជុល ក្នុងឆ្នាំ២០២៦ ចំនួន ២១ ខ្សែ ស្មើនឹង ១០,៧ គ.ម។
បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋ បានឃើញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែង លោក សុខ លូ ជាអភិបាលខេត្តបាត់ដំបង សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល តាមបណ្តាញសង្គម អភិបាលក្រុងបាត់ដំបង កត់សម្គាល់បានឃើញ «comment» វាយប្រហារលើអភិបាលខេត្ត សុខ លូ ពាក់ព័ន្ធផ្លូវខូចក្នុងរយៈពេល ៤ឆ្នាំ ក្នុងអាណត្តិទី១ កន្លងមក។
លោក លាង វាសនា ទទួលស្គាល់ថា ការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋ “ពិតជាត្រឹមត្រូវ” តាមអ្វីដែលមើលឃើញជាក់ស្តែង ប៉ុន្តែផ្លូវដែលខូចនេះ គឺដោយសារការអនុវត្តគម្រោងប្រព័ន្ធទឹកកខ្វក់ ដែលចាប់ផ្តើមពីឆ្នាំ២០២១ នឹងបញ្ចប់នៅឆ្នាំ២០២៥ ទោះបីរដ្ឋបាលខេត្ត មានថវិកា ដើម្បីជួសជុលផ្លូវទាំងនេះ ក៏មិនអាចអនុវត្តបានដែរ ព្រោះស្ថិតក្នុងដែនសមត្ថកិច្ចដែលគម្រោងកំពុងអនុវត្ត។
អភិបាលក្រុងបាត់ដំបង លោក លាង វាសនា បានបញ្ជាក់ថា “បន្ទាប់ពីគម្រោងបានបញ្ចប់ក្នុងឆ្នាំ២០២៦ ផ្លូវនៅសល់ ២១ ខ្សែ គម្រោងនឹងត្រូវធ្វើការជួលជុលឡើងវិញ និងប្រមាណ ១០ ខ្សែទៀត រដ្ឋបាលខេត្ត នឹងធ្វើការជួសជុលផងដែរ”៕




