តៃប៉ិ៖ ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតេ បានថ្លែងក្នុងបទសម្ភាសន៍ជាមួយកាសែត New York Times ថា សេដ្ឋកិច្ចចិនកំពុងស្ថិតក្នុងស្ថានភាពដ៏អាក្រក់ លោកបានបន្ថែមថាប្រធានាធិបតី ស៊ី ជីនពីង គួរតែផ្តោតលើការកែលម្អជីវភាពប្រជាជនរបស់ខ្លួន មិនមែន «ការពង្រីកទឹកដី» ទេ។
ចិនបានចាត់ទុកកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយព្រមានប្រើកម្លាំងយោធា និងនយោបាយប្រឆាំងនឹងតៃវ៉ាន់ ប៉ុន្តែត្រូវបានរដ្ឋាភិបាលតៃវ៉ាន់ បដិសេធប្រឆាំងការទាមទាររបស់ទីក្រុងប៉េកាំង។
ថ្លែងទៅកាន់កិច្ចប្រជុំកំពូល DealBook របស់កាសែត New York Times លោក ឡៃ និយាយថា សេដ្ឋកិច្ចរបស់តៃវ៉ាន់ត្រូវបានគេព្យាករណ៍ថានឹងកើនឡើង 7.37 % ក្នុងឆ្នាំនេះ «ខណៈពេលដែលស្ថាប័នហិរញ្ញវត្ថុអន្តរជាតិប៉ាន់ប្រមាណថាកំណើនរបស់ប្រទេសចិនមានត្រឹមតែជាង 4 % ប៉ុណ្ណោះ លោកបន្ថែមថា ពេលនេះសេដ្ឋកិច្ចចិនពិតជាកំពុងជួបការលំបាក»។
តៃវ៉ាន់សង្ឃឹមនិងជឿជាក់ថា ពេលដែលចិនកំពុងប្រឈមមុខនឹងសម្ពាធសេដ្ឋកិច្ច ប្រធានាធិបតី ស៊ី ជីនពីង នឹងផ្តោតលើការកែលម្អជីវភាពប្រជាជនចិនជាក់ស្ដែង ជាជាងការពង្រីកអំណាចលើទឹកដី និងបង្កជម្លោះ។ លើសពីនេះ លោក ឡៃ ប្រធានាធិបតីតៃវ៉ាន់ មានឆន្ទៈក្នុងការជួយ និងសហការ ដើម្បីដោះស្រាយបញ្ហាប្រឈមសេដ្ឋកិច្ចជាមួយចិន ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតឡើយ។
បើតាមស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងធនាគារដូចជា៖ IMF, World Bank, Goldman Sachs និង Standard Chartered ប៉ាន់ប្រមាណថាកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២៥ របស់ចិននឹងមានចន្លោះពី 4.5 % ទៅ 5 % ។
ចិនជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី២លើពិភពលោក កំពុងស្ថិតក្នុងគោលដៅសម្រេចកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំនេះប្រហែល 5% ការនាំចេញដ៏រឹងមាំ បានជំរុញឲ្យ ពាណិជ្ជករបង្កើនល្បឿន ក្នុងការដឹកជញ្ជូនទៅកាន់សហរដ្ឋអាមេរិក ចំពេលមានការព្រួយបារម្មណ៍អំពើ ពន្ធគយអាចកើនឡើងខ្ពស់ជាងនេះនៅពេលអនាគត។ ប៉ុន្តែអតុល្យភាពសេដ្ឋកិច្ចនៅឆ្នាំនេះ កាន់តែអាក្រក់ឡើង ដោយសារការផលិតលើសពីតម្រូវការទីផ្សារ។
ទោះបីជាសេដ្ឋកិច្ចចិនកំពុងប្រឈមមុខនឹងសម្ពាធ និងការលំបាកកាន់តែធ្ងន់ធ្ងរ ការព្យាករណ៍របស់តៃវ៉ាន់បង្ហាញថា ប្រទេសនេះមានសក្ដានុពលកំណើនលឿន បន្ទាប់ពីការវិនិយោគក្នុងបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត។ ការប្រឈមមុខនឹងសេដ្ឋកិច្ចរបស់ចិន ជាការផ្តល់ឱកាសសម្រាប់តៃវ៉ាន់ក្នុងការជំរុញសេដ្ឋកិច្ចខ្លួនឯង និងពង្រីកសហការអន្តរជាតិ ដោយផ្តោតលើការកែលម្អជីវភាពប្រជាជន និងបង្កើនភាពរឹងមាំក្នុងវិស័យអាជីវកម្មរបស់តៃវ៉ាន់៕






