2025-12-03 18:07
19

ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានអញ្ជើញប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump មកទស្សនកិច្ចនៅកូឡុំប៊ី ដើម្បីចូលរួមការបំផ្លាញមន្ទីរពិសោធន៍ផលិតកូកាអ៊ីន បន្ទាប់ពីលោក Trump ប្រកាសថា ប្រទេសណាដែលផលិតជួញដូរគ្រឿងញៀន ទៅសហរដ្ឋអាមេរិក អាចនឹងប្រឈមនឹងការវាយប្រហារ «មិនមែនត្រឹមតែវេណេស៊ុយអេឡាទេ»។

បន្ទាប់ពីលោក ត្រាំ និយាយថា  លោកឮថាប្រទេសកូឡុំប៊ីមានរោងចក្រកំពុងផលិតកូកាអ៊ីន ដើម្បីលក់ឱ្យសហរដ្ឋអាមេរិច  និងព្រមានថាបើអ្នកណាប្រហើនហ៊ានធ្វើបែបនេះ ដាក់ឲ្យអាមេរិច គឺត្រូវរងការវាយប្រហារមិនទុកឡើយ។មិនចាំយូរទេលោក Gustavo Petro ឆ្លើយតប Trump យ៉ាងរហ័សថា រដ្ឋាភិបាលកូឡុំប៊ី បានបំផ្លាញមន្ទីរពិសោធន៍ផលិតកូកាអ៊ីនចំនួន 18,400 ដោយមិនចាំបាច់ប្រើមីស៊ីលឡើយ។ ការឆ្លើយតបបែបឌឺដងផ្លែផ្កា ដោយបបួលលោកត្រាំ ឲ្យមកជាមួយលោក ហើយលោកនឹងបង្ហាញពីរបៀបបំផ្លាញមន្ទីរពិសោធន៍ មួយរៀងរាល់ ៤០ នាទីម្តង ដើម្បីការពារកុំឲ្យកូកាអ៊ីនចូលសហរដ្ឋអាមេរិកបាន។ ប្រធានាធិបតីកូឡុំប៊ី បានព្រមាន ប្រឆាំងនឹងការគំរាមកំហែងអធិបតេយ្យភាពរបស់ប្រទេសកូឡុំប៊ី លោកនិយាយថាការប្រកាសសង្គ្រាមនេះ គឺនឹងដាស់រថយន្ត Jaguar  ហើយ។

 កុំបំផ្លាញទំនាក់ទំនងការទូតរយៈពេលពីរសតវត្សកន្លងមកឲ្យសោះ។ អ្នកបានបង្កាច់បង្ខូចខ្ញុំរួចហើយ កុំបន្តដើរតាមផ្លូវនេះ  ការបង្ហោះរបស់ប្រធានាធិបតីកូឡុំប៊ី ហាក់ដូចជាសំដៅទៅលើការអះអាង របស់លោក Trump ថាមេដឹកនាំកូឡុំប៊ីមានជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។ ប្រធានាធិបតីកូឡុំប៊ីបន្ថែមថា ប្រសិនបើមានប្រទេសមួយដែលបានជួយបញ្ឈប់ការជួញដូរកូកាអ៊ីនរាប់ពាន់តោន ដើម្បីកុំឱ្យជនជាតិអាមេរិកខាងជើងប្រើប្រាស់នោះប្រទេសនោះគឺជាប្រទេសកូឡុំប៊ី នេះបើតាម Aljazeera។

យ៉ាងណាមិញ ប្រទេសកូឡុំប៊ីនៅតែជាប្រភពដ៏សំខាន់នៃកូកាអ៊ីន ដែលនាំចូលទៅសហរដ្ឋអាមេរិក៖ នេះបើយោងតាមទីភ្នាក់ងារអនុវត្តច្បាប់គ្រឿងញៀនរបស់អាមេរិក ៨៤ %នៃគ្រឿងញៀនដែលរឹបអូសបានក្នុងឆ្នាំ២០២៤ មានប្រភពមកពីប្រទេសកូឡុំប៊ី។

រដ្ឋបាលរបស់លោក Trump បានដាក់ពង្រាយកម្លាំងយោធាដ៏សម្បើម ទៅកាន់តំបន់អាមេរិកឡាទីន ក្រោមលេសថាទប់ស្កាត់ការលំហូរគ្រឿងញៀន ចូលអាមេរិកពីប្រទេសវេណេស៊ុយអេឡា និងបានវាយប្រហារដោយមីស៊ីលលើនាវានៅមហាសមុទ្រប៉ាស៊ីហ្វិក និងសមុទ្រការ៉ាប៊ីន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨៣ នាក់ ។

ជាការកត់សម្គាល់លើការពង្រឹង ការវាយប្រហារប្រឆាំងនឹងប្រទេសនាំចេញគ្រឿងញៀន លោក Trump បានអង្គុយក្បែររដ្ឋមន្ត្រីក្រសួងការពារជាតិ Pete Hegseth ដែលកំពុងស្ថិតក្រោមការត្រួតពិនិត្យ ចំពោះការវាយប្រហារជាលើកទី២ លើនាវាមួយគ្រឿងនៅសមុទ្រការ៉ាប៊ីន រឺហៅថា "double-tap" កំឡុងខែកញ្ញា បានសម្លាប់មនុស្ស២នាក់បន្ថែមទៀត បន្ទាប់ពីបាញ់ប្រហារលើកទី១សម្លាប់មនុស្ស ៩ នាក់ហើយនោះ ។

អ្នកជំនាញផ្នែកច្បាប់ និយាយថាការវាយប្រហារលើកទី២ ខណៈដែលអ្នកនៅមានជីវិតទាំង២នាក់ ប្រឹងតោងបំណែកនៃនាវាដើម្បីរស់ បន្ទាប់ពីបាញ់ប្រហារនោះ  ទង្វើនេះអាចជាឧក្រិដ្ឋកម្មសង្គ្រាម ហើយសមាជិកសភាទាំងបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋ បានសន្យាថានឹងស៊ើបអង្កេតករណីនេះ។នៅថ្ងៃអង្គារនេះលោក Hegseth បានបដិសេដលើការវាយប្រហារនេះលោកបានតាមដានការវាយប្រហារជាលើកដំបូងលើនាវាដែលសង្ស័យថារត់ពន្ធគ្រឿងញៀនប៉ុន្តែលោកមិនបានឃើញអ្នកនៅរស់មានជីវិតឡើយ។ ប្រធានមន្ទីរបញ្ចកោណអះអាងថា លោកទើបតែរកឃើញភ័ស្តតាង ឧត្តមនាវីឯកអាមេរិក Frank Bradley ប្រធានបញ្ជាការប្រតិបត្តិការពិសេស បានបញ្ជាឱ្យវាយប្រហារជជាលើកទី២លើអ្នករស់រានមានជីវិត។ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនមិនបានផ្តល់ភស្តុតាងនៃការប្រព្រឹត្តខុសឆ្គងពីសំណាក់ជនរងគ្រោះទេ ហើយប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បានចោទប្រកាន់អាមេរិក ថាមានគម្រោងដកលោកចេញពីរដ្ឋាភិបាលក្រោមរូបភាព នៃប្រតិបត្តិការប្រឆាំងគ្រឿងញៀនរបស់ខ្លួន៕