2025-12-03 16:49
19

ភ្នំពេញ៖ បន្ទាប់ពីមានករណី ស្រ្តីម្នាក់ ស្នើសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ថា “មានបុរសម្នាក់ លក់ឆ្នើមចែកចាយ និងជួញដូរគ្រឿងញៀន នៅសង្កាត់ព្រៃស ប្រើហិង្សាលើគាត់ហើយគម្រាមសម្លាប់”។ ចំពោះករណីនេះ សមត្ថកិច្ចចុះស្រាវជ្រាវ គឺជាករណី ហិង្សាក្នុងគ្រួសារ បុរសនោះជាប្តីរបស់គាត់ សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួន ដើម្បីចាត់ការតាមនីតិវិធី។

នៅរសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីមានបង្ហោះតំណរភ្ជាប់របស់ប្រជាពលរដ្ឋ ជាមួយគណនីហ្វេសប៊ុកឈ្មោះ «Sokunteari Chan» សំណូមពរដល់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជួយអន្តរាគមន៍ដែលមានខ្លឹមសារថា៖ “បុគ្គលម្នាក់នេះ ជាបុគ្គលដ៏ឆ្នើមក្នុងការដែលចែកចាយគ្រឿងញៀន ជក់គ្រឿងញៀនជួញគ្រឿងញៀន សូមបងបងខាងប៉ូលីសជួយធ្វើអន្តរាគមន៍ឲ្យខ្ញុំផង ព្រោះវាបានបញ្ជូនមនុស្សផ្សេងមួយទៀតសម្រាប់មកសម្លាប់ខ្ញុំបិទមាត់”។

ក្រោយពីបានឃើញការផ្សព្វផ្សាយ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាឱ្យជំនាញ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ធ្វើការស្រាវជ្រាវករណីខាងលើភ្លាមៗ។
នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវចុះទៅដល់ទីតាំងដែលស្ត្រីខាងលើរស់នៅ នៅចំណុច បន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំជុំវិញករណីបង្ហោះសារខាងលើ។

បន្ទាប់ពីសួរនាំរួច ស្ត្រីខាងលើរៀបរាប់ប្រាប់សមត្ថកិច្ចថា “ដោយសារតែគាត់ខឹង និងប្តី ដែលបានចុះចេញពីផ្ទះអស់រយៈពេលជាច្រើនខែមិនចូលផ្ទះ។ លុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ទើបប្តីរបស់គាត់ចូលផ្ទះហើយបានឈ្លោះប្រកែកគ្នារហូតដល់ប្ដីបានប្រើអំពើហិង្សាមកលើគាត់ ប៉ុន្តែមិនមានរងរបួសធ្ងន់ធ្ងរនោះទេ រួចប្តីរបស់គាត់ក៏ចេញពីផ្ទះបាត់។ ដោយសារគាត់ខឹង និងប្តីមិនចូលផ្ទះ និងប្រើអំពើហិង្សាលើគាត់ទើបគាត់សរសេរសារបង្ហោះនៅហ្វេសប៊ុកតែម្តង”។

ជុំវិញករណីនេះ សមត្ថកិច្ចក៏បានអញ្ជើញស្ត្រីខាងលើទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ដើម្បីដាក់ពាក្យបណ្តឹងករណីហិង្សា។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួនបុរសជាប្តី ដើម្បីអនុវត្តតាមនីតិវិធី៕