អារ៉ាប៊ីសាអូឌីត៖ ក្នុងអំឡុងពេលពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកស្រី ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមពិធីបុណ្យអាហារអន្តរជាតិ “Saudi Feast Food Festival” នៅទីក្រុងរីយ៉ាដ។
ក្នុងឱកាសនេះ សៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ» (ភាគ ១ និង ភាគ ២) បានគេចាត់ទុកជាអ្នកឈ្នះពាន «Best of the Best – Cambodia» ក្នុងចំណោមរង្វាន់ Gourmand Awards Best of the Best ១៩៩៥–២០២៥ ដែលគេស្គាល់ថាជារង្វាន់តម្លៃខ្ពស់បំផុតរយៈពេល ៣០ ឆ្នាំក្នុងវិស័យសៀវភៅម្ហូបអាហារ។
លើកស្ទួយកេរ្តិ៍ឈ្មោះអាហារខ្មែរ លើឆាកអន្តរជាតិលោកស្រីរដ្ឋលេខាធិការ បានលើកឡើងថា “ការទូតអាហារ (Food Diplomacy) មានតួនាទីសំខាន់ក្នុងការជំរុញការងារការទូតសេដ្ឋកិច្ចរបស់កម្ពុជា ព្រោះអាហារខ្មែរ គឺជាកេរ្តិ៍ដំណែលវប្បធម៌ដែលអាចបញ្ជាក់អត្តសញ្ញាណជាតិ និងទាក់ទាញភាពចាប់អារម្មណ៍របស់ភ្ញៀវបរទេស”។
លោកស្រីបានបន្ថែមថា “កម្ពុជា នឹងបន្តផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីដ៏សម្បូរបែបរបស់ខ្លួន តាមរយៈឧបាយការណ៍ជាតិនិងអន្តរជាតិ ដើម្បីបង្កើនភាពជឿជាក់ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងតំបន់ និងលើសកល”។
ការចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិជាប្រចាំរបស់កម្ពុជា និងការទទួលបានពានរង្វាន់លំដាប់ពិភពលោកម្តងនេះ ត្រូវបានចាត់ទុកថាជាជំហានសំខាន់មួយ ក្នុងការលើកស្ទួយកេរ្តិ៍ឈ្មោះអាហារខ្មែរ និងការទាក់ទាញទេសចរណ៍វប្បធម៌ទៅកាន់ទីផ្សារអារ៉ាប៊ី និងតំបន់មជ្ឈិមបូព៌ា៕





