2025-11-25 12:05
8

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានជូនដំណឹងដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ២ ឱ្យជ្រាបថា “ក្រសួងសាធារណការ និង ដឹកជញ្ជូន បាននិងកំពុងអនុវត្តគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) មាន ទីតាំងភូមិសាស្ត្រខាងលិច ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងខាងកើតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ 

ក្នុងអំឡុងពេលនេះ នៅតំបន់ការដ្ឋានសាងសង់ស្ពានផ្នែកខាងលិច នៅចន្លោះសសរស្ពានទី៥ កាត់រំលងផ្លូវជាតិលេខ២ (ក្បែរសាលា ACE) នឹងចាប់ផ្តើមអនុវត្តរំកិលផ្ទឹមស្ពាន ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង០៦ព្រឹក រហូតដល់ម៉ោង០៤រសៀល។ ដើម្បីសុវត្ថិភាពក្នុងអំឡុងពេលនៃការអនុវត្តរំកិលផ្ទឹមស្ពានចំណុចខាងលើនេះ នឹងត្រូវបានបិទចរាចរណ៍រយៈពេលខ្លីៗ ដែលអាចនឹងកកស្ទះ រំឪខានដល់អ្នកធ្វើចរាចរណ៍។

ដូចនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងធានាបាននូវសុវត្ថិភាពអ្នកដំណើរតាមផ្លូវជាតិលេខ២ ឆ្លងកាត់តំបន់ការដ្ឋានសាងសង់ ក្រសួងសាធារណការ អំពាវនាវដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ មេត្តាប្រើប្រាស់ផ្លូវវាងតាមមហាវិថី សម្តេចតេជោហ៊ុន សែន (ផ្លូវ៦០ម.) ដើម្បីកាត់បន្ថយការកកស្ទះ។ 

ក្នុងដំណើរឆ្លងកាត់ការដ្ឋាន សូមមេត្តាយកចិត្តទុកដាក់ក្នុងការបើកបរ ដោយមានការប្រុងប្រយ័ត្ន បន្ថយល្បឿនបើកបរ គោរពតាមផ្លាកសញ្ញាបង្ហាញ អនុវត្តតាមការផ្តល់សញ្ញានិងការ ណែនាំពីសមត្ថកិច្ច និងបុគ្គលិកការដ្ឋានសាងសង់ ដើម្បីចៀសវាងឧបទ្ទវហេតុកើតឡើងជាយថាហេតុ៕