2025-11-21 11:27
6

វៀតណាម៖ ទឹកជំនន់នៅទន្លេភាគកណ្តាល និងភាគខាងត្បូងប្រទេសវៀតណាម នៅតែស្ថិតក្នុងកម្រិតទី៣ដដែល ដោយបានសម្លាប់មនុស្ស 43 នាក់ បាត់ខ្លួន 9 នាក់ និងជន់លិចផ្ទះជាង 67,700 ខ្នងនៅក្នុងឃុំ និងសង្កាត់ចំនួន 114 នៃខេត្ត Khanh Hoa, Gia Lai និង Dak Lak។ នេះបើតាមការចុះផ្សាយដោយ VnExpress នៅថ្ងៃទី២១ វិច្ឆិកា។

ក្នុងចំណោម ជនរងគ្រោះដែលស្លាប់ដោយសារគ្រោះទឹកជំនន់ខាងលើ ក៏បណ្ដាលឲ្យមនុស្សចាស់ជរាពីរនាក់បាត់បង់ជីវិតផងដែរ។ តាមក្រុមអ្នកជួយសង្គ្រោះវៀតណាមបានឲ្យដឹងថា មនុស្សចាស់ជរាកំសត់ទាំងពីរខាងលើ បាត់បង់ជីវិតដោយសារតែខ្យល់ព្យុះនិងទឹកជំនន់ខ្លាំងពេកដែលបោកបក់ បណ្ដាលឲ្យពួកគាត់ដួលបោសក្បាលទៅនឹងឥដ្ឋពេញទំហឹង ម្យ៉ាងដោយសារពួកគាត់មិនមានអាហារបរិភោគរយៈពេលពីរថ្ងៃផងនោះ ទើបបណ្ដាលឲ្យកើតមានសោកនាដកម្មបែបនេះតែម្ដងទៅ។

គួរបញ្ជាក់ឲ្យដឹងថា ទឹកជំនន់យ៉ាងឆាប់រហ័សដែលកើតឡើងនៅវៀតណាមបានបំផ្លាញ ផ្ទះជាង 67,700 ដែលជន់លិចក្នុងឃុំចំនួន 34/102 និងសង្កាត់ក្នុងទីក្រុង Dak Lak ដែលមានផ្ទះជិត 40,000 ខ្នង។ 

លើសពីនេះ ផ្ទៃដីកសិកម្មដូចជា ស្រូវ ផ្កា បន្លែ ជាង ១៣.០០០ ហិកតា រួមទាំងដំណាំជាង ២.០០០ ហិកតា សត្វពាហនៈជិត ៣១.០០០ ក្បាល និងជលផល ៨៨ ហិកតាទៀតក៏ត្រូវជន់លិចផងដែរ។ 

បន្ថែមពីនេះ គ្រោះមហន្តរាយខាងលើ បណ្ដាលឲ្យសាលារៀនចំនួន 796 ដែលមានសិស្សប្រហែល 447,840 នាក់ត្រូវបានផ្អាកបណ្ដោះអាសន្ន។

ជុំវិញគ្រោះទុរ្ភិក្សនេះ អាជ្ញាធរវៀតណាមប៉ាន់ប្រមាណពីតម្លៃនៃការខូចខាតគិតជាទឹកប្រាក់ ៣.០០០ពាន់លានដុង ប៉ុន្តែមិនទាន់បានលម្អិតពីការខូចខាតក្នុងខេត្តនីមួយៗ ឬមុខរបរនីមួយៗនៅឡើយទេ៕