2025-11-18 18:04
16

ថៃ៖   រដ្ឋមន្ត្រីការពារជាតិថៃលោក Natthaphon Narkphanit  នៅថ្ងៃទី១៨ ខែវិច្ឆិកានេះ បញ្ជាក់ជាថ្មីថា ថៃនឹងមិនដោះលែងកងទ័ពកម្ពុជាឡើយ រហូតដល់ជម្លោះត្រូវបញ្ចប់ទាំងស្រុង លោកបានអះអាងពីការប្តេជ្ញាចិត្តពន្លឿន ការដោះមីនតាមព្រំដែនជាមួយកម្ពុជា តាមពេលវេលាកំណត់ និងបានច្រានចោលនូវវោហាសាស្ត្របែបញុះញង់ពីភាគីកម្ពុជា ទាក់ទងនឹងការបិទព្រំដែន។  

រដ្ឋមន្ត្រីការពារជាតិថៃ ប្រកាសរក្សាជំហររបស់ខ្លួន បដិសេធក្នុងការដោះលែងវីរៈកងព័ទកម្ពុជាទាំង១៨រូប។ លោកធ្វើការចោទប្រកាន់ថា កម្ពុជាមិនទាន់បង្ហាញនិមិត្តសញ្ញា ឬបង្ហាញពីការបញ្ចប់ជម្លោះ និងមិនទាន់បានចរចាអ្វីទាំងអស់” ដោយបញ្ជាក់យ៉ាងច្បាស់ថា ថៃមិនមានចេតនាដោះលែងកងទ័ពកម្ពុជានៅពេលនេះទេ។

សូមរំលឹកថាកាលពីថ្ងៃទី១៧ ខែវិច្ឆិកានេះ សម្តេច ហ៊ុន សែន ថ្លែងថា ទោះបីថៃបិទច្រកព្រំដែន១០០ឆ្នាំទៀត ក៏កម្ពុជាមិនស្នើឲ្យបើកឡើងវិញនោះដែរ ព្រោះថៃបិទជាឯកតោភាគី មិនចាំបាច់អីមកចរចារជាមួយកម្ពុជាក្នុងការបើកច្រកឡើងវិញនោះទេ។ កម្ពុជានឹងបន្តពង្រឹងសមត្ថភាពក្នុងការផលិតទំនិញ និងការផ្គត់ផ្គង់ខាងក្នុង ដើម្បីបន្ថយការពឹងផ្អែកការនាំចូល និងធានាថា សេដ្ឋកិច្ចជាតិអាចឈរខ្លួនឯងបានដោយឯករាជ្យ។

ជាការឆ្លើយតបនឹងការលើកឡើងរបស់ សម្តេច ហ៊ុន សែន រដ្ឋមន្ត្រីការពារថៃលោក Natthaphon និយាយថាកម្ពុជាលែងចាប់អារម្មណ៍លើកងទ័ពទាំង១៨រូបទៀតហើយ ប៉ុន្តែលោកមិនខ្វល់នោះទេ ថាភាគីកម្ពុជាគិតយ៉ាងណានោះ អ្វីដែលសំខាន់លោកកំពុងតែអនុវត្តយ៉ាងម៉ឺងម៉ាត់តាមគោលការណ៍ និងច្បាប់។   រដ្ឋមន្ត្រីការពារជាតិថៃ ប្រកាន់ជំហរផ្ទាល់ខ្លួនលើកិច្ចចរចាព្រំដែន ជាការឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់ប្រជាជនថៃ៖ «ចំពោះលោកផ្ទាល់សម្ដេច ហ៊ុន សែន  មិនចាំបាច់និយាយជាមួយលោកទៀតទេ ព្រោះប្រជាជនថៃមិនចង់បាន»។ លោក Natthaphon បន្ថែមថាលោកពិតធូរចិត្តមែន នៅពេលដែលលឺសម្តេច ហ៊ុន សែន មានប្រសាសន៍ថា ច្រកព្រំដែនទោះថៃបិទ១០០ឆ្នាំទៀត ក៏កម្ពុជាមិនស្នើឲ្យបើវិញដែរ  ដូច្នោះលោកមិនចាំបាច់ពិភាក្សាអំពីការបើកព្រំដែនជាមួយកម្ពុជាពេញមួយជីវិតរបស់លោកតែម្ដង នេះបើតាម The Nation នៅថ្ងៃទី១៨ វិច្ឆិការ ២០២៥នេះ៕