នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងសមភាគីថៃ លោក Anutin Charnvirakul បានផ្តល់មតិវិជ្ជមាន និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី។ ដោយហេតុនេះត្រូវប្រកាន់ខ្ជាប់នូវលក្ខខណ្ឌដែលបានព្រមព្រៀងគ្នានៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ។ នេះបើយោងតាមការចុះផ្សាយរបស់ គេហទំព័រផ្លូវការ ASEAN ដែលចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកានេះ។
លោកនាយករដ្ឋមន្ត្រី Datuk Seri Anwar Ibrahim នៃម៉ាឡេស៊ី ជាប្រធានអាស៊ាន បាននិយាយថា “លោកបាននិយាយជាមួយ សម្តេច ហ៊ុន ម៉ាណែត និង លោក Anutin Charnvirakul តាមទូរសព្ទ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាព បន្ទាប់ពីឧបទ្ទវហេតុចុងក្រោយបំផុត នៅតាមព្រំដែនរវាងប្រទេសទាំងពីរ»។
លោក Anwar Ibrahim បានបញ្ជាក់ជាថ្មីពីជំហររបស់ម៉ាឡេស៊ី ដែលចង់ឃើញចំណងមិត្តភាព និងបទឈប់បាញ់រវាងប្រទេសទាំងពីរត្រូវបានពង្រឹង ស្របតាមការយោគយល់ដែលសម្រេចបាននៅទីក្រុងគូឡាឡាំពួកាលពីចុងខែមុន។
លោក Anwar Ibrahim បានបង្ហោះនៅលើ Facebook យប់ថ្ងៃទី១៣ ខែវិច្ឆិកាថា៖ “ខ្ញុំក៏បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ម៉ាឡេស៊ីក្នុងការបន្តដើរតួនាទីជាអ្នកសម្របសម្រួលក្នុងការត្រួសត្រាយផ្លូវឆ្ពោះទៅរកសន្តិភាពរវាងកម្ពុជា-ថៃ”។
លោកបានបន្ថែមថា “នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានសម្តែងការកោតសរសើរចំពោះជំហររបស់ម៉ាឡេស៊ី និងតួនាទីដែលខ្លួនបានអនុវត្ត មិនត្រឹមតែក្នុងនាមជាប្រធានអាស៊ាន ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងក្នុងនាមមិត្តក្នុងតំបន់ និងជាអ្នកជិតខាងដែលប្តេជ្ញាចិត្តចំពោះសន្តិភាពផងដែរ”។
លោកបានគូសបញ្ជាក់ថា “សូមឱ្យប្រទេសទាំងពីរ បន្តបង្ហាញការប្តេជ្ញាចិត្ត និងភាពក្លាហានក្នុងការស្តារស្ថិរភាពនៅតាមព្រំដែនរបស់ពួកគេសម្រាប់សន្តិភាពយូរអង្វែងនៅក្នុងតំបន់ និងសុវត្ថិភាពរបស់ប្រជាជនរបស់ពួកគេ”។
សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត និង លោក Anutin Charnvirakul បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលមានលោក Anwar Ibrahim និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ធ្វើជាសាក្សី។
ក្រោមកិច្ចព្រមព្រៀងសន្តិភាព ថៃនិងកម្ពុជាបានព្រមព្រៀងគ្នាបញ្ចប់អរិភាព និងជំរុញទំនាក់ទំនងអ្នកជិតខាងល្អជាមួយគ្នា៕






