2025-11-13 13:58
57

បន្ទាយមានជ័យ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានបន្តដំណើរចុះទៅដល់មណ្ឌលជនភៀសសឹក របស់អ្នកភូមិព្រៃចាន់ ដែលបានភៀសខ្លួនមករកកន្លែងជម្រកសុវត្ថិភាព នៅក្នុងវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅភូមិកូបកើត ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសាកសួរសុខទុក្ខ និងពិនិត្យស្ថានភាពជាក់ស្តែង ការស្នាក់នៅរបស់ពួកគាត់ បន្ទាប់ពីមានហេតុការណ៍យោធាថៃ បើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា ដោយគ្មានមូលហេតុ កាលពីម្សិលមិញ។

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង ១២និង១២នាទីថ្ងៃត្រង់នេះថា ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទៅកាន់មណ្ឌលជនភៀសសឹក ដើម្បីពិនិត្យមើល និងសាកសួរសុខទុក្ខ ដល់ជនភៀសសឹកទាំងនោះ។

សូមជម្រាបផងដែរថា នៅព្រឹកមិញនេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក៏បានចុះទៅដល់មន្ទីរពេទ្យកម្ពុជា-ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យប្រជាជនស៊ីវិលកម្ពុជា ដែលត្រូវបានរងរបួសដោយសារការបាញ់ប្រហាររបស់យោធាថៃ និងបានចុះទៅពិនិត្យ សង្កេតការណ៍ ផ្ទៀងផ្ទាត់ នៅទីតាំងកើតហេតុដោយផ្ទាល់ ដើម្បីធ្វើការរាយការណ៍ អំពីហេតុការណ៍ដែលយោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ ដោយគ្មានមូលហេតុ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជារងរបួសធ្ងន់ ស្រាល ចំនួន ០៣ រូប និងបាត់បង់ជីវិតនៅនឹងកន្លែង ចំនួន ០១រូប។

ជុំវិញអំពើហិង្សាលើជនស៊ីវិលនេះ កម្ពុជា ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់កាលដែលភាគីថៃ បានរំលោភបំពានលើ “សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ” ដែលភាគីទាំងពីរ បានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និង លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន។

កម្ពុជា អំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ និងសកម្មភាពខុសច្បាប់របស់ថៃ ម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ និងបានអំពាវនាវឱ្យថៃ បញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

ទន្ទឹមនឹងនេះ កម្ពុជា អំពាវនាវឱ្យភាគីថៃ ងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួម ស្តីពី “កិច្ចព្រមព្រៀងសន្តិភាព” និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ៕