2025-11-12 12:19
5

(ភ្នំពេញ)៖   ក្រោយសហរដ្ឋអាមេរិច ចក្រភពអង់គ្លេស សិង្ហបុរី និងហុងកុង រួមគ្នាសហការ ធ្វើការបង្កក់ទ្រព្យសម្បត្តិរបស់លោក Chen Zhi ប្រធានក្រុមហ៊ុន Prince Holding  Group ដោយចោទប្រកាន់លោក Chen Zhi ជាមេដឹកនាំមជ្ឈបណ្ឌលបោកប្រាស់អនឡាញ ការជួញដូរមនុស្ស ការធ្វើទារុណកម្មបង្ខំឲ្យធ្វើការ និងការលាងលុយកង្វក់ ។ 

ជាការឆ្លើយតបនិងការចោទប្រកាន់នេះ ក្រុមហ៊ុន ព្រីសន៍ ហូលឌីង គ្រុប នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញសេចក្តីថ្លែងការណ៍បន្ទាន់បដិសេធច្រានចោល ចំពោះការអះអាងចោទប្រកាន់ថា លោក ចេន ហ្ស៊ី ប្រធានក្រុមហ៊ុន Prince Holding  Group បានចូលរួមក្នុងសកម្មភាពខុសច្បាប់ណាមួយ។  ក្រុមហ៊ុន Prince Holding  Group បានបានបញ្ជាក់អះអាងទៀតថា៖  ការចោទប្រកាន់នាពេលថ្មីៗនេះ គឺគ្មានមូលដ្ឋានច្បាស់លាស់ និងមានគោលបំណងរកលេសដើម្បីរឹបអូសទ្រព្យសម្បត្តិដែលមានតម្លៃរាប់ពាន់លានដុល្លាររបស់លោក Chen Zhi  ហើយថាការចោទប្រកាន់គ្មានមូលដ្ឋានទាំងនេះ ដែលត្រូវបានផ្សាយជាបន្តបន្ទាប់តាមរយៈសារព័ត៌មានផ្សេងៗ និងការផ្សព្វផ្សាយអះអាងមិនបានផ្ទៀងផ្ទាត់ត្រឹមត្រូវផ្សេងៗទៀត បានបង្កហានិភ័យយ៉ាងខ្លាំងដល់បុគ្គលិកដែលគ្មាន កំហុសរាប់ពាន់នាក់ ដៃគូសហការ និងសហគមន៍ពាក់ព័ន្ធដែលសហការជាមួយក្រុមហ៊ុនទាំងនៅកម្ពុជា និងនៅក្រៅប្រទេស។

ក្រុមហ៊ុន Price Group បានបញ្ជាក់ពីការប្តេជ្ញាចិត្តចំពោះសុចរិតភាព ការវិនិយោគដែលមានទំនួលខុសត្រូវ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅទូទាំងតំបន់។ អស់រយៈពេលជាងមួយទស្សវត្សរ៍ហើយដែលក្រុមហ៊ុនបានធ្វើប្រតិបត្តិការប្រកបដោយតម្លាភាព និងអនុលោមតាមរាល់បទប្បញ្ញាតិច្បាប់ជាធរមាន ដែលនេះនឹងត្រូវបញ្ជាក់យ៉ាងច្បាស់នៅពេលដែលភស្តុតាងទាំងអស់ត្រូវបានបង្ហាញ។ ក្រុមហ៊ុន Price Group មានទំនប់ចិត្តថានៅពេលដែលការពិតត្រូវបានលាងត្រដាង ក្រុមហ៊ុន Price Group និងប្រធានក្រុមហ៊ុននឹងត្រូវបានលើកលែងការចោទប្រកានយ៉ាងពេញលេញ ៕