2025-11-05 10:14
7

ភ្នំពេញ៖ តាំងពីក្រោយសេចក្តីថ្លែងការណ៍សន្កិភាពរវាង កម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខារវាងនាយករដ្ឋមន្ត្រីនៃកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ក្រោមការជួយរៀបចំរបស់ នាយករដ្ឋមន្ត្រីម៉ាឡេស៉ី ដែលជាប្រធានអាស៊ាន និងប្រធានាធិបតីសន្តិភាពរបស់អាមេរិក ដូណាល់ ត្រាំ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានកត់សម្គាល់ឃើញថា  «មានការរីកចម្រើនគួរឲ្យកត់សម្គាល់តាំងពីការប្រជុំ JBC, RBC រហូតដល់ការដកអាវុធធុនធ្ងន់ជំហានដំបូងចេញពីតំបន់ជម្លោះ ដោយមានការត្រួតពិនិត្យផ្ទៀងផ្ទាត់របស់ក្រុមសង្កេតការអាស៊ាន (AOT)»។ 

សម្តេចតេជោ បានបញ្ជាក់ថា «នេះជាដំណើរឆ្ពោះទៅរកការបញ្ចប់ ឬបន្ថយអរិយភាពរវាងប្រទេសទាំងពីរ ដែលយើងត្រូវចូលរួមអបអរសាទរ»។ សម្តេចតេជោ បានសរសេរយ៉ាងដូច្នេះនៅលើបណ្តាញសង្គមផ្លូវការរបស់សម្តេច នៅយប់ថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

ជាមួយនឹងការសម្តែងការរីករាយនេះ សម្តេចតេជោ ហ៊ុន សែន មានការចាំបាច់ជម្រាបជូនប្រជាជនកម្ពុជាកុំយល់ច្រឡំរឿងបើកច្រកព្រំដែន កម្ពុជា-ថៃ ឡើងវិញ ព្រោះមួយរយៈចុងក្រោយនេះ ថ្នាក់ដឹកនាំថៃមួយចំនួនបានយករឿងបើកច្រកព្រំដែនឡើងវិញនេះមកនិយាយយ៉ាងច្រើន ដែលប្រហែលក្លាយជាប្រធានបទសម្រាប់ឃោសនាបោះឆ្នោត នាពេលខាងមុខនៅថៃទៀតផង។

ការដែលថ្នាក់ដឹកនាំថៃរាប់ទាំងនាយករដ្ឋមន្ត្រីថៃផងនិយាយរឿងបើកច្រកព្រំដែនច្រើនបែបនេះ បង្កឲ្យមានការយល់ច្រឡំក្នុងចំណោមប្រជាជនកម្ពុជា ឬប្រជាជនថៃថា ភាគីកម្ពុជាជាអ្នកទៅសុំភាគីថៃ ឲ្យបើកច្រកឡើងវិញ។ សម្តេចតេជោ បានបញ្ជាក់ថា «ពិតជាមិនចង់ឲ្យប្រជាជនកម្ពុជាទទួលទានដំណេកជាមួយការយល់ច្រឡំអំពីការបើកព្រំដែននោះទេ។ សម្រាប់ប្រជាជនថៃ គឺជារឿងរបស់ថៃដែលអាចត្រូវបានបោកប្រាស់សម្រាប់ការបោះឆ្នោតនាពេលខាងមុខ ដែលការបើកច្រកព្រំដែនក្លាយជាប្រធានបទឃោសនាបោះឆ្នោតផងដែរ»។

សម្រាប់ប្រជាជនកម្ពុជា ស្តេចតេជោប្រធានព្រឹទ្ធសភា សូមបញ្ជាក់ឡើងវិញថា «តាំងពីថៃបិទច្រកទ្វារព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានទៅសុំថៃឲ្យបើកច្រកឡើងវិញនោះទេ។ ថៃអាចបន្តបិទ ១០០ឆ្នាំ ឬ ៥០០ឆ្នាំទៀតក៏ជារឿងរបស់ថៃ ព្រោះកូនសោស្ថិតក្នុងដៃរបស់ថៃ។ ការបិទកន្លងមកនេះមិនធ្វើឲ្យកម្ពុជាស្លាប់នោះទេ តែផ្ទុយទៅវិញធ្វើឲ្យទំនិញក្នុងស្រុកចូលមកជំនួសទំនិញថៃ ដែលនោះ គឺជាឱកាសជំរុញផលិតកម្មក្នុងស្រុកឲ្យកើនឡើង»។

ពាក់ព័ន្ធបញ្ហានេះ សម្តេចតេជោបាននិយាយប្រាប់ប្រតិភូមិត្តភក្តិបរទេសថា «ថៃបិទច្រកព្រំដែនជាមួយកម្ពុជាមិនមែនគ្រាន់កាត់ផ្តាច់ការតភ្ជាប់រវាង កម្ពុជា-ថៃ ប៉ុណ្ណោះទេ តែជាការកាត់ផ្តាច់ការតភ្ជាប់អាស៊ាន និងអាស៉ីផងដែរ។ ឯណាទៅហាយវេអាស៊ាន ផ្លូវដែកអាស៊ាន និងហាយវេអាស៉ី?»

សម្តេចតេ ហ៊ុន សែន សង្ឃឹមថាសារនេះនឹងបានទៅដល់ថ្នាក់នាំថៃ និងប្រជាជនថៃថា «កម្ពុជាមិនទៅសុំថៃបើកច្រកព្រំដែនវិញទេ និងសង្ឃឹមថាប្រជាជនកម្ពុជាមិនយល់ច្រឡំថា ថ្នាក់ដឹកនាំកម្ពុជាធ្វើថោកទៅសុំថៃឲ្យបើកច្រកព្រំដែនវិញនោះដែរ»៕