ប៉ារីស៖ ក្នុងកិច្ចប្រជុំតុមូល នៃវេទិកាសន្តិភាពប៉ារីសលើកទី៨ ដែលប្រារព្ធធ្វើឡើងក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ស្តីពី «ចំពោះមុខនៃការបែកបាក់៖ អធិបតេយ្យភាពក្នុងកាលៈទេសៈ ដែលសណ្តាប់ធ្នាប់ពិភពលោកមានការបែកខ្ញែក» សម្តេចប្រធានរដ្ឋសភាកម្ពុជា ឃួន សុដារី បានប្រាប់វេទិកាទាំងមូលថា៖ «កម្ពុជា-ថៃ បានឯកភាពគ្នាលើកិច្ចព្រមព្រៀងសន្តិភាព ដោយមានការជួយសម្របសម្រួលពីប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន និងដោយមានការជួយគាំទ្រយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក»។
ក្នុងសន្ទរកថា របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានបញ្ជក់ថា «ការចុះហត្ថលេខានៃកិច្ចព្រមព្រៀងសន្តិភាពនេះ បានបិទទំព័រមួយដ៏លំបាក និងបើកនូវសករាជថ្មីមួយ ដែលមិនត្រឹមតែបញ្ចប់នូវជម្លោះនាពេលបច្ចុប្បន្ន ថែមទាំងបានធ្វើជាមូលដ្ឋានគ្រឹះ សម្រាប់ធានាបាននូវសន្តិភាព ដោយដោះស្រាយនូវមូលហេតុនៃជម្លោះ និងបង្កើតលក្ខណ្ឌដ៏ចាំបាច់ សម្រាប់ធានាបាននូវសន្តិភាពយូរអង្វែង សុខុដុមរមនា និងវិបុលភាពរួម»។
សម្តេចប្រធានសភាព បានបញ្ជាក់បន្ថែមថា «គោលការណ៍ដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀងសន្តិភាព គឺគោលការណ៍ដែលកម្ពុជា បានប្តេជ្ញាចិត្តដោយមោះមុត។ ទោះបីជាវាលំបាក ឬសាំញ៉ាំប៉ុណ្ណាក៏ដោយ ជម្លោះនេះត្រូវតែដោះស្រាយតាមមធ្យោបាយដោយសន្តិភាព ដោយគោរពទាំងស្រុងតាមសន្ធិសញ្ញា និងច្បាប់អន្តរជាតិ ដែលមានជាធរមាន»។
សម្តេចប្រធានសភា បានសង្កត់ធ្ងន់ថា «កម្ពុជា ជាប្រទេសតូច ពោល គឺពឹងផ្អែកយ៉ាងខ្លាំងលើការទូត និងច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ជាតិ។ ជាប្រទេសតិច មិនមែនមានន័យថា “យើងមិនមានសិទ្ធិស្វ័យសម្រេចឡើយ” ប៉ុន្តែបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់យើង ចំពោះសន្តិភាព និងគោលនយោបាយការបរទេសយ៉ាងច្បាប់ជាគោល»៕





