ភ្នំពេញ៖ ក្រុមប្រឹក្សាវិន័យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចាត់វិធានការកោះហៅ លោកផ្កាយ២ គង់ វុទ្ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីបំភ្លឺពាក់ព័ន្ធការបែកធ្លាយរឿងពុករលួយយកប្រាក់ពីជនបរទេស ២ លានដុល្លារ រត់ការចូលសញ្ញាតិខ្មែរ ប៉ុន្តែមិនបានសម្រេច និងមិនសងលុយទៅជនរងគ្រោះវិញ។
នៅព្រលប់ថ្ងៃទី២៨ ខែតុលានេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឃើញបណ្តាញសង្គមបង្ហោះដោយបានលើកឡើងអំពីករណី លោកឧត្តមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ថាបានទទួលប្រាក់រត់ការឱ្យជនបរទេសមិនបានសម្រេច ហើយមិនព្រមប្រគល់ប្រាក់ជូនជនរងគ្រោះវិញ។
ក្រោយទទួលបានព័ត៌មានខាងលើនេះ ក្រុមប្រឹក្សាវិន័យរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចាត់វិធានការកោះហៅសាមីខ្លួន ដើម្បីបំភ្លឺ និងកំពុងបន្តស្រាវជ្រាវ ស៊ើបបញ្ជាក់បន្ថែមលើព័ត៌មានខាងលើ។ ករណី រកឃើញថា «មន្ត្រី ឬថ្នាក់ដឹកនាំណាម្នាក់ បានប្រព្រឹត្តកំហុសផ្ទុយនឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនឹងចាត់វិធានការអនុវត្តវិន័យលើបុគ្គលរូបនោះយ៉ាងម៉ឺងម៉ាត់»។
ទន្ទឹមនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានស្នើដល់បុគ្គលដែលមានការពាក់ព័ន្ធ ឬជាជនរងគ្រោះសូមសហការផ្តល់ព័ត៌មាន ក៏ដូចជាឯកសារភស្តុតាងបន្ថែម ប្រសិនបើមាន មកនាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មរៀងរាល់ម៉ោងធ្វើការ។
សូមជម្រាបថា នៅលើបណ្តាញទំនាក់ទំនងសង្គម បានបង្ហោះករណីបែកធ្លាយរឿងអាស្រូវលោកឧត្ដមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានទទួលប្រាក់ ចំនួន ២ លានដុល្លារ ពីជនជាតិបរទេស ដើម្បីរត់ការឱ្យបានចូលសញ្ញាតិខ្មែរ។ ប៉ុន្តែ ចាប់តាំងពីលោកឧត្ដមសេនីយ៍ទោ គង់ វុទ្ធី ទទួលបានលុយពីជនរងគ្រោះហើយ មានរយះពេលជាង ១ឆ្នាំហើយ លោកមិនបានធ្វើការឱ្យជនរងគ្រោះបានសម្រេចទេ ហើយលុយ ២ លានដុល្លារ ក៏មិនព្រមប្រគល់ជូនជនរងគ្រោះវិញដែរ។
ចំពោះករណី ការប្រើប្រាស់តួនាទី បុណ្យស័ក្តិអួតអាង ដើម្បីបោកប្រាស់ជនបរទេសមានច្រើនករណីណាស់ ហើយក៏មានអស់តួនាទី បុណ្យស័ក្តិរហូតជាប់គុកជាហូរហែរដែរ។ ប៉ុន្តែ បុគ្គលខូចនៅតែខូច។ ចាំមើលករណីនេះ តើឧត្ដមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករង អត្តសញ្ញាណកម្ម មានវាសនាបែបណា?
ករណីខាងលើនេះ គេមិនដឹងច្បាស់ការរត់ការជនបរទេសឱ្យចូលសញ្ញាតិខ្មែរ ពីសំណាក់លោកឧត្តមសេនីយ៍ទោ គង់ វុទ្ធី ជនរងគ្រោះជាជនជាតិអ្វីឡើយ។ ពាក់ព័ន្ធរឿងអាស្រូវនេះអង្គភាពយើងមិនអាចសុំការបកស្រាយបំភ្លឺពីសាម៉ីខ្លួនបានទេ៕







