2025-09-18 16:20
6

ថៃ៖ ក្រោយសម្ដេច ហ៊ុន ម៉ាណែត បានផ្ញើលិខិតជូនលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ពាក់ព័ន្ធជម្លោះកម្ពុជា-ថៃ ស្នើសុំការគាំទ្រពី UN ក្នុងការជំរុញឲ្យភាគីថៃគោរពបទឈប់បាញ់ឱ្យបានពេញលេញ ខណៈដលថៃបានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពរវាងប្រជាជាតិទាំងពីរ ហើយថៃមានគម្រោងប្រើកំលាំងយោធា ដណ្ដើមយកទឹកដីខ្មែរ១៧ទីតាំង ចាប់ពីខេត្តពោធិ៍សាត់ដល់កោះកុង រើលួសបន្លា ប្រគល់ដី-ផ្ទះឱ្យពលរដ្ឋខ្មែរវិញ និងបញ្ឈប់សកម្មភាពរំលោភលើអធិបតេយ្យភាពរបស់កម្ពុជា។ បន្ទាប់ពីទាហានថៃបំពានបទឈប់បាញ់ បន្តឈ្លានបំពានទឹកដីកម្ពុជា ថែមទាំងប្រើប្រាស់អំពើហិង្សា វ៉ៃព្រះសង្ឃ ប្រជាពលរដ្ឋបណ្ដាលឲ្យរបួស និងប្រើប្រាស់នូវឧស្ម័នបង្ហូរទឹកភ្នែកបាញ់លើប្រជាពលរដ្ឋកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅភូមិព្រៃចាន់ ឃុំអរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប៉ុន្តែវាជារឿងគួរឱ្យសោកស្តាយ ដែលសកម្មភាពយោធាថៃរំលោភលើបទ ឈប់បាញ់បានបន្តហើយថែមទាំងលាតសន្ធឹងហួសពីតំបន់ដើមនៃជម្លោះ។

ស្រាប់តែនៅថ្ងៃទី១៨ កញ្ញានេះកាសែតថៃ Khaosod ចេញផ្សាយថា ៖ លោកនាយករដ្ឋមន្ត្រីថៃ សង្កត់ធ្ងន់លើការគោរពចំពោះយោធា និងបានចាត់ឲ្យកងទ័ពពន្យល់ពីការប៉ះ ទង្គិចគ្នារវាងយោធាថៃ ជាមួយប្រជាជនកម្ពុជា នៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ។ នាយករដ្ឋមន្រ្តីថៃថា លោកមិនអើពើនឹងបណ្ដឹងរបស់សម្ដេច  ហ៊ុន ម៉ាណែត ទៅកាន់ពិភពលោកនោះឡើយ ដោយអះអាងថា ថៃប្រកាន់ខ្ជាប់នូវក្របខណ្ឌសន្តិភាព ស្ថិរភាព អធិបតេយ្យភាព និងសុវត្ថិភាព។ លោកសង្កត់ធ្ងន់ថា ច្រកព្រំដែនមិនទាន់ត្រូវបានបើកនោះទេ ហើយតំបន់នេះស្ថិតនៅក្រោមច្បាប់អាជ្ញាសឹក អាជ្ញាធរធ្វើសេចក្តីសម្រេចស្ថិតនៅជាមួយយោធា។ ខណៈពេលដែលលោកមិនទាន់ចូលកាន់តំណែងជារដ្ឋាភិបាលផ្លូវការ លោកបានសន្យាចំពោះអ្នកទទួលខុសត្រូវសន្តិសុខថា នៅពេលដែលរដ្ឋាភិបាលនេះចូលកាន់តំណែង លោកនឹងស្តាប់អ្នកដែលនៅព្រំដែន និងអ្នកទទួលខុសត្រូវផ្ទាល់លើបញ្ហាសន្តិសុខ ដូចជាការបើកច្រកព្រំដែនជាដើម។ ទាក់ទិននឹងលិខិតរបស់នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត ផ្ញើជូនប្រធានអាស៊ាន និងមេដឹកនាំពិភពលោក នាយករដ្ឋមន្ត្រីថៃបានបញ្ជាក់ថា មេដឹកនាំណាក៏ដោយ ត្រូវតែការពារផលប្រយោជន៍ប្រទេសរបស់ខ្លួន។ ដូចគ្នានេះដែរមេដឹកនាំរបស់ប្រទេសថៃត្រូវតែផ្តល់អាទិភាពដល់ផលប្រយោជន៍របស់ប្រទេសថៃជាងប្រទេសដទៃទៀត និងលើសពីការពិចារណាផ្សេងទៀត។ ផលប្រយោជន៍របស់ប្រទេសថៃ គឺសុខុមាលភាព សន្តិសុខ អធិបតេយ្យភាព និងសុវត្ថិភាពរបស់ប្រជាជនខ្លួន។ យើងប្រកាន់ខ្ជាប់នូវក្របខ័ណ្ឌ និងគោលការណ៍នេះ ហើយវានឹងមិនផ្លាស់ប្តូរឡើយ។