2025-09-18 14:25
9

ភ្នំពេញ៖ ផ្អែកលើប្រភពគួរឱ្យទុកចិត្តបានយោធាថៃមានបំណងប្រើប្រាស់កម្លាំង ដើម្បីដណ្តើមយកទឹកដីនៅទីតាំង ចំនួន ១៧ ផ្សេងទៀត នៅក្នុងតំបន់ចាប់ពីខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ដែលស្ថិតនៅប៉ែកខាងលិច និងប៉ែកនិរតី នៃប្រទេសកម្ពុជា។ នេះបើយោងតាមលិខិតរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផ្ញើរជូនចំពោះ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅថ្ងៃទី១៧ ខែកញ្ញានេះ។

សកម្មភាពឯកតោភាគីខាងលើរបស់យោធាថៃ គឺផ្អែកលើផែនទី ខ្នាត ១/៥០,០០០ គូសជាឯកតោភាគី ដែលផ្ទុយពីផែនទី ខ្នាត ១/២០០,០០០ ដែលភាគីទាំងសងខាងបានព្រមព្រៀងគ្នា និងជាលទ្ធផលនៃការងារខណ្ឌសីមាព្រំដែនរបស់គណៈកម្មការព្រំដែនរវាងឥណ្ឌូចិន និងសៀម ដែលបង្កើតឡើងតាមអនុសញ្ញា ឆ្នាំ១៩០៤ និង សន្ធិសញ្ញា ឆ្នាំ១៩០៧ រវាងបារាំង និងសៀម ទទួលស្គាល់ដោយ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងថែមទាំងត្រូវបានបញ្ជាក់ការទទួលស្គាល់ដោយកម្ពុជា និងថៃ ក្នុងអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ (អនុស្សរណៈ ឆ្នាំ២០០០)។ 

អនុស្សរណៈ ឆ្នាំ២០០០នេះ ត្រូវបានចុះបញ្ជីនៅអង្គការសហប្រជាជាតិដោយប្រទេសថៃ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១១ និងមានបោះពុម្ពផ្សាយនៅក្នុងបញ្ជីកម្រងសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិ។

សកម្មភាពឯកតោភាគីរបស់ថៃ គឺជាការប៉ុនប៉ងធ្វើការកំណត់ខណ្ឌសីមាព្រំដែនជាឯកតោភាគី តាមរយៈការប្រើប្រាស់កម្លាំង ដែលជាការបំពានដោយផ្ទាល់លើអនុស្សរណៈឆ្នាំ២០០០ អាណត្តិរបស់គណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ (JBC) និងការប្តេជ្ញាចិត្តដែលបានកត់ត្រាក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នឹងគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) នាពេលថ្មីៗនេះ ដែលថា៖ “ភាគីទាំងពីរបានព្រមព្រៀងគ្នាមិនធ្វើសកម្មភាពបង្កហេតុដែលអាចបង្កើនភាពតានតឹង...ឬពង្រីកវិសាលភាព និងទំហំជម្លោះ”។

ចំពោះវិធានការជាឯកតោភាគីទាំងនេះ រួមទាំងការអនុវត្តក្រៅដែនដីនៃច្បាប់អាជ្ញាសឹកថៃ គឺជាការរំលោភលើអធិបតេយ្យរបស់កម្ពុជា ដែលមិនអាចទទួលយកបាន និងជាការរំលោភយ៉ាងជាក់ច្បាស់ចំពោះច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ លើសពីនេះ សកម្មភាពឯកតោភាគីទាំងនេះ មិនត្រឹមតែជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កឱ្យមានហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយហិង្សា។

ក្នុងស្មារតីបន្ទរស្ថានការណ៍ និងមជ្ឈភាពអាស៊ាន សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្នើសុំទៅប្រធានអាស៊ាន និងមេដឹកនាំពិភពលោកទាំងអស់គាំទ្រ ដើម្បីជំរុញឱ្យប្រទេសថៃ ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះបទឈប់បាញ់ និងកិច្ចព្រមព្រៀងពាក់ព័ន្ធដែលសម្រេចបាននៅទីក្រុងពុត្រាចាយ៉ា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចប្រជុំ GBC និង RBC នាពេលថ្មីៗនេះ ហើយបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពជាឯកតោភាគី ដែលអាចបង្កើនភាពតានតឹង និងពង្រីកទំហំ និងវិសាលភាពនៃជម្លោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងជាថ្មី នូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា ក្នុងការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងធ្វើការជាមួយប្រទេសថៃ និងអាស៊ាន ដើម្បីរក្សាស្ថិរភាព ជំរុញកិច្ចសហ ប្រតិបត្តិការ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនយើង៕