
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ ឧត្តមសេនីយ៍ ម៉ាលី សុជាតា បានបញ្ជាក់ថា «យោងតាមការឯកភាពគ្នារវាងឧបនាយករដ្ឋមន្រ្ដី ទៀ សីហា រដ្ឋមន្រ្ដីក្រសួងការពារជាតិកម្ពុជា និងអនុរដ្ឋមន្រ្ដីក្រសួងការពារជាតិថៃលើការប្រជុំគណកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC)។
ចំពោះកិច្ចប្រជុំ GBC ភាគីថៃបានឯកភាពជាមួយសំណើររបស់កម្ពុជាឱ្យមានវត្តមានប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងប្រទេសចិន ចូលរួមជាអ្នកសង្កេតការណ៍នៃកិច្ចប្រជុំដែលនឹងប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី»។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា៖ «កិច្ចប្រជុំ GBC នេះ គឺជាកិច្ចការងារបន្តបន្ទាប់ពីកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ ដែលនាំឱ្យសម្រេចបាននូវបទឈប់បាញ់បន្ទាន់ឥតលក្ខខណ្ឌ គិតរហូតដល់ពេលនេះបានធ្វើឱ្យស្ថានភាពតាមព្រំដែនកម្ពុជា និងថៃមានភាពល្អប្រសើរ និងស្ងប់ស្ងាត់ឡើងវិញ»។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្ថែមទៀតថា៖ «ការចូលរួមពីសំណាក់ប្រទេសជាដៃគូរបានធ្វើឱ្យបំណងប្រាថ្នារួមនៃបទឈប់បាញ់ទទួលបានជោគជ័យ និងយូអង្វែង នាំឱ្យមានសន្តិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍រវាងប្រជាជននៃប្រទេសទាំងពីរ»។
សូមជម្រាបថា នាព្រឹកថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពីអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនរូបផងដែរ៕
