2025-08-03 11:55
15

ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យនេះ ក្រសួងការពារជាតិកម្ពុជា សូមធ្វើការបដិសេធដាច់អហង្ការរាល់ការចោទប្រកាន់របស់ថៃ ថា “កម្ពុជាបានបង្ហោះដ្រូនចូលទឹកដីថៃ” និងស្នើឱ្យឈប់បង្ហោះដ្រូនចូលដែនអាកាសកម្ពុជាទៀត។ 

ការច្រានចោលការចោទរបស់ភាគីថៃមកលើកម្ពុជា ត្រូវបានលោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»  នៅព្រឹកថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កម្ពុជាច្រានចោលការចោទប្រកាន់ និងផ្សព្វផ្សាយដោយគ្មានមូលដ្ឋាន និងផ្ទុយពីការពិតដោយសារព័ត៌មានថា “កម្ពុជាបានបង្ហោះដ្រូនចូលទឹកដីថៃ” និងស្នើឱ្យភាគីថៃ ចៀសវាងការបង្ហោះដ្រូនចូលទឹកដីកម្ពុជា ព្រោះថាការធ្វើបែបនេះមិនមានផលចំណេញដល់បទឈប់បាញ់នោះទេ»។

អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា តាមរយៈឆន្ទៈ និងការប្ដេជ្ញាចិត្តយ៉ាងច្បាស់លាស់ប្រកបដោយទំនួលខុសត្រូវខ្ពស់ និងមិនប្រែប្រួលនូវជំហរដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញនូវលក្ខខណ្ឌនៃបទឈប់បាញ់ដោយបានសម្ដេចនូវផ្លែផ្កាជាច្រើន។ 

ក្នុងនោះរាជរដ្ឋាភិបាល ក៏បានសម្រេចបង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍ មកត្រួតពិនិត្យការអនុវត្តបទឈប់បាញ់គ្នាផងដែរ៕
ដ្រូនកសិកម្ម​  ចាប់ផ្តេីមជំនួសកម្លាំងមនុស្សក្នុងវិស័យកសិកម្មនៅខេត្តកំពង់ស្ពឺណ្តេីៗហេីយ​  ខណៈខេត្តមួយនេះកំពុងខ្វះកម្លាំងពលកម្ម - CNC News