
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុតិ្តធម៌ បានថ្លែងបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានថា៖ «ដើម្បីបង្កើតបាននូវក្របខណ្ឌច្បាប់សម្រាប់ការដកសញ្ជាតិដូចបណ្ដាប្រទេសនៅក្នុងពិភពលោក និងក្នុងតំបន់ កម្ពុជា ចាំបាច់ត្រូវធ្វើវិសោធនកម្ម មាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញ ដើម្បីបើកផ្លូវអនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់ក្នុងការដកសញ្ជាតិខ្មែរ ពីពលរដ្ឋខ្មែរណាដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរដោយឃុបឃិតជាមួយបរទេស»។
ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានថ្លែងថា៖ «ការធ្វើវិសោធនកម្ម មាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញនេះ គឺផ្នែកលើមាត្រា ១៥៣ ថ្មី និងមាត្រា ១៤៣ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ យោងតាមមាត្រា ១៥៣ ថ្មី នៃរដ្ឋធម្មនុញ្ញា មានឥស្សរជនជាន់ខ្ពស់ជាតិ ចំនួន ០៣ រូប ដែលមានសិទ្ធផ្តួចផ្តើមគំនិត ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ទី១៖ អង្គព្រះមហាក្សត្រ, ទី២៖ នាយករដ្ឋមន្ត្រី និង ទី៣៖ ប្រធានរដ្ឋសភាដោយមានសេចក្តីស្នើពីតំណាងរាស្ត្រយ៉ាងតិច ១/៤ នៃចំនួនសមាជិករដ្ឋសភាទាំងមូល»។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌មាន បញ្ជាក់ថា៖ «ការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញលើកនេះ មានលក្ខណៈពិសេសខុសពីការធ្វើវិសោធនកម្មលើកមុនៗ ដែលនេះជាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១១ ខុសពីវិសោធនកម្ម ១០លើកមុនៗ ត្រង់ថាមានការផ្តួចផ្តើមគំនិតរួមគ្នាដោយរដ្ឋសភាជាតិ និងរាជរដ្ឋាភិបាល»។ លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា៖ «ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកនេះ ជាលើកទី១ ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលមានអ្នកតំណាងរាស្ត្រទាំងអស់ សរុបចំនួន ១២៥ អង្គ/រូប មកពីគ្រប់គណបក្សនយោបាយមានអសន្នៈក្នុងរដ្ឋសភា បានផ្តើមគំនិតស្នើសុំទៅប្រធានរដ្ឋសភា ដើម្បីធ្វើវិសោធនកម្ម មាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញនេះ»។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងទៀតថា៖ ការធ្វើវិសោធនកម្មលើកទី១១ មាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញ មានមូលហេតុធំៗ ចំនួន ០៣ រួមមាន៖
ទី១៖ ការធ្វើវិសោធនកម្មមាត្រា ៣៣ នេះ គឺគោលបំណង ដើម្បីបន្សុតផ្នត់គំនិតស្នេហាជាតិរបស់ប្រជាពលរដ្ឋខ្មែរ ចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ពោល គឺដើម្បីលើកកម្ពស់ឧត្តមគតិជាតិ មនសិកាស្នេហារជាតិ និងគោលជំហស្មោះត្រង់ឥតងាករេរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ស្មោះត្រង់ចំពោះជាតិ មាតុភូមិ និងប្រជាជនរបស់ខ្លួននៅគ្រប់កាលៈទេសៈហើយតាមរយៈវិសោធនកម្ម មាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញនេះ នឹងបើកផ្លូវឱ្យមានការរៀបចំក្រមខណ្ឌច្បាប់ ដើម្បីដកសញ្ញាតិខ្មែរ ហើយច្បាប់នេះនឹងក្លាយឧប្បករណ៍គតិយុត្ត ដ៏សំខាន់របស់រដ្ឋ ដើម្បីការពារជាតិឱ្យបានរឹងមាំ ជាពិសេសប្រឆាំងនឹងពលរដ្ឋខ្មែរណា ដែលឃុបឃិតជាមួយបរទេសប្រព្រឹត្តអំពើក្បត់ជាតិ ឬប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ សេចក្តីសុខសាន្តរបស់ប្រជាជន និងប្រទេសជាតិ។
លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបញ្ជាក់ថា៖ «ការធ្វើវិសោធនកម្ម មាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញនេះ ដកសញ្ញាតិខ្មែរ ចំពោះពលរដ្ឋខ្មែរណាក្បត់ជាតិខ្លួនឯង ប្រជាពលរដ្ឋដែលស្រឡាញ់ជាតិ មានភក្តីភាពស្មោះត្រង់ឥតងាករេចំពោះជាតិ មិនមែនជាកម្មវត្ថុនៃការដកសញ្ញាតិទេ។ ម្យ៉ាងទៀត ច្បាប់នេះការពារផលប្រយោជន៍ដល់ប្រជាពលរដ្ឋដែលស្រឡាញ់ជាតិ ស្មោះត្រង់ចំពោះជាតិ គឺមានច្បាប់មួយ ដើម្បីការពារ»។
ទី២៖ ការធ្វើវិសោធនកម្មនេះ ដើម្បីគោរពតាមមាត្រា ៤៩ ថ្មី នៃរដ្ឋធម្មនុញ្ញ បានចែងថា «ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ មិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្តី ដោយប្រយោលក្តី នាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់កម្ពុជា និងប្រជាពលរដ្ឋខ្មែរឡើយ»។
ទី៣៖ ការធ្វើវិសោធនកម្មនេះដែរ គឺក្នុងគោលបំណងរួមចំណែកក្នុងការប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ បើកាលណាមានការឃុបឃិតជាមួយបរទេសហើយ ប្រាកដណាស់បរទេសនឹងលូកដៃជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលជាទង្វើធ្វើឱ្យប៉ះពាល់ដល់ឯករាជ អធិបតេយ្យភាពជាតិ ឯកភាពជាតិ សន្តិសុខ និងស្ថេរភាពរបស់កម្ពុជា ហើយមាត្រា ៥៣ ថ្មី នៃរដ្ឋធម្មនុញ្ញ ក៏បានចែងដែរថា «កម្ពុជាប្រឆាំងដាច់ខាតរាល់ទម្រង់ទាំងឡាយដែលជ្រៀងជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា»។រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា៖ បន្ទាប់ពីសម្តេចប្រធានរដ្ឋសភា និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ធ្វើលិខិតរួមគ្នាធ្វើសំណើរជូនទៅព្រះមហាក្សត្រកម្ពុជា ព្រះមហាក្សត្របានធ្វើការពិគ្រោះយោបលជាមួយក្រុមប្រឹក្សាធម្មនុញ្ញ និងបានផ្តល់មតិទៅព្រះមហាក្សត្រថា ការធ្វើវិសោធកម្មរដ្ឋធម្មនុញ្ញ មាត្រា ៣៣ នេះអាចធ្វើទៅបានគ្មានអ្វីខុសទេ ជាពិសេសមិនបានក្នុងបំរាមដែលរដ្ឋធម្មនុញ្ញហាមមិនឱ្យធ្វើវិសោធនកម្ម គឺ៖ «ទី១៖ រាល់ការធ្វើវិសោធនកម្មទាំងអស់មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហបក្ស និងរបបរាជនិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងទី២៖ ការធ្វើវិសោធនកម្មមិនអាចធ្វើបានទេ ប្រសិនបើការធ្វើវិសោធនកម្មនោះ ដែលប្រទេសជាតិស្ថិតក្នុងស្ថានភាពមានភាពអាសន្ន»៕
_1752215018.jpg)
