2025-06-26 09:43
15

ឧត្តរមានជ័យ៖ ថៃបញ្ជូនពលរដ្ឋខ្មែរ ចំនួន ០២ នាក់ មកឱ្យកម្ពុជាតាមច្រកអន្តរជាតិជាំ ដោយអះអាងថា ពួកគាត់រស់នៅខុសច្បាប់។ សមត្ថកិច្ចកម្ពុជាទទួលយកដោយរីករាយ ជាមួយនឹងការឧបត្ថម្ភថវិកាជាសាហ៊ុយធ្វើដំណើរត្រឡប់ទៅកាន់ស្រុកកំណើតវិញ។

ប្រជាពលរដ្ឋខ្មែរ ចំនួន ០២ នាក់ ត្រូវបានអាជ្ញាធរប្រទេសថៃ បញ្ជូនមកឱ្យអាជ្ញាធរកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។

លោកវរសេនីយ៍ឯក គីម សុផាត នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិជាំ បានថ្លែងប្រាប់ឱ្យដឹងនៅរសៀលថ្ងៃនេះថា «ប្រជាពលរដ្ឋខ្មែរដែលថៃបញ្ជូនខ្លួនមកឱ្យកម្ពុជានេះ ភាគីថៃបានអះអាងថា ពួកគាត់បានរស់នៅ និងធ្វើការក្នុងទឹកដីគេដោយខុសច្បាប់»។

ប្រជាពលរដ្ឋខ្មែរទាំង២នាក់ បានប្រាប់សមត្ថកិច្ចថា «ពួកគាត់ជាអ្នករស់នៅខេត្តបាត់ដំបង ហើយទៅរស់នៅប្រទេសថៃយូរឆ្នាំមកហើយ។ ដោយឃើញស្ថានភាពរបស់ពួកគាត់មានការលំបាក លោកក៏បានឧបត្ថម្ភថវិកាមួយចំនួន ជូនពរគាត់សម្រាប់ធ្វើសាហ៊ុយទៅស្រុកកំណើតវិញផងដែរ»៕