2025-06-10 11:59
128

ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ ទៀ សីហា ប្រមុខការពារជាតិកម្ពុជា បានព្រមានសកម្មជនប្រឆាំងនៃបណ្តាញយុវជនកម្ពុជា កំពុងរស់នៅប្រទេសថៃ បុគ្គល អែម ពិសិដ្ឋ ដែលស្លៀកពាក់ឯកសណ្ឋានកងទ័ពសម្ដែងថា៖ «អ្នកឯងមិនមែនកងទ័ព មិននៅស្រុកខ្មែរផង កុំចេះតែនាំរឿងពេក នៅស្រុកគេបានសុខ នៅទៅ កុំរករឿងអ្នកនៅក្នុងស្រុក។ ហើយ កម្ពុជាក៏មិនបានដកទ័ពទេ កុំញុះញង់ពេក គ្មាននរណាជឿទៀតទេ»។

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានព្រមានបែបនេះ នៅថ្ងៃអង្គរ ទី១០ ខែមិថុនា ឆ្នាំ២០២៥ នេះ បន្ទាប់ពីសកម្មក្រុមប្រឆាំងជ្រុលនិយមរូបនេះ ប្រឌិតព័ត៌មានក្លែងក្លាយបំពុលសង្គម នាំឱ្យមានការយល់ច្រឡំលើកងកម្លាំងកម្ពុជា ជាពិសេស មានចរិតញុះញង់ រើសអើង ដើម្បីបំបាក់ទឹកចិត្តកងទ័ព ផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យសាធារណជនមានការយល់ច្រឡំ។

ប្រមុខការពារជាតិ បានសរសេរបញ្ជាក់យ៉ាងដូច្នេះថា៖ «កម្ពុជាក៏មិនបានដកទ័ពទេ កុំញុះញង់ពេក គ្មាននរណាជឿទៀតទេ»។
សូមបញ្ជាក់ថា បុគ្គលដែលសម្តែងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយខុសច្បាប់មានឈ្មោះ អែម ពិសិដ្ឋ ភេទប្រុស អាយុ ៣៧ឆ្នាំ ជាសកម្មជនគណបក្សប្រឆាំង ដែលមានតួនាទីជាប្រធានបណ្តាញយុវជនកម្ពុជាសកល ប្រចាំប្រទេសថៃ ស្រុកកំណើតនៅ ភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅ ក្នុងប្រទេសថៃ ដែលតែងតែប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយបង្ហោះខ្លឹមសារប្រឌិតអវិជ្ជមានជាច្រើន ក្នុង គោលដៅប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបថា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជម្រាបជូនប្រជាពលរដ្ឋទទួលព័ត៌មានពិតប្រាកដ ចេញផ្សព្វផ្សាយដោយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ ជាពិសេសត្រូវរក្សាភាពស្ងៀមស្ងាត់ និងត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជុំវិញការដោះស្រាយ បញ្ហាព្រំដែនរវាងកម្ពុជា-ថៃ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កត់សម្គាល់ឃើញថា វីដេអូដែលបុគ្គល អែម ពិសិដ្ឋ បានផ្សពផ្វាយ គឺមានចរិតញុះញង់ឱ្យមានការរើសអើង បំបាក់ទឹកចិត្តកងទ័ព ផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យសាធារណជនមានការយល់ច្រឡំ ចំពោះវិធានការរបស់រដ្ឋាភិបាលកម្ពុជា ចំពោះការដោះស្រាយបញ្ហាព្រំដែន៕