
ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានបុគ្គលម្នាក់ ក្លែងបន្លំស្លៀកពាក់ឯកសណ្ឋានកងទ័ព ប្រចាំការជួរមុខនៅព្រំដែនកម្ពុជា-ថៃ បានប្រឌិតនូវព័ត៌មានក្លែងក្លាយបង្ហោះលើបណ្តាញសង្គមនានា ដើម្បីបំពុលសង្គមនោះ គឺមានតួនាទីជាប្រធានបណ្តាញយុវជនកម្ពុជា ដែលកំពុងតែស្នាក់នៅក្នុងប្រទេសថៃ។
នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នេះ មេប៉ូលិសរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានប្រកាសថា៖ «ខ្ញុំបាទសូមគោរពជូន លោកពុក អ្នកម៉ែ ពូមីង បងប្អូន និងប្រជាពលរដ្ឋយើងទាំងអស់សូមមេត្តាជ្រាបថា៖ ប៉ុន្មានថ្ងៃនេះមានផេកយុវជនម្នាក់ ក្លែងបន្លំជាយោធានៅព្រំដែន បង្ហោះលើបណ្ដាញសង្គមដែលធ្វើឲមហាជនយើងយល់ច្រឡំ»។
លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា៖ «យុវជននេះ បច្ចុប្បន្នរស់នៅប្រទេសថៃ មិនមែនជាយោធាទេ (ជាជនបំពុលសង្គម)។ លោកឧត្តមសេនីយ៍ ក៏សូមអរគុណច្រើនដែលមហាជនយើងយកចិត្តទុកដាក់តាមដានសភាពការទូទៅ និងស្នើឱ្យប្រជាពលរដ្ឋយើងតាមដានស្ដាប់ព័ត៌មានពិតពីរាជរដ្ឋាភិបាលកម្ពុជាំ»៕
