2025-06-10 11:10
12

តាកែវ៖ បង្គារមានចាក់សារធាតុគីមីនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ជិត ៤០០ គីឡូក្រាម ត្រូវបានមន្រ្តីសាខា ក.ប.ប.ខេត្តតាកែវ និងសមត្ថកិច្ចពាក់ព័ន្ធដុតកម្ទេចចោលបន្ទាប់ពី បង្ក្រាប និងរឹបអូសបានពីក្រុមឈ្មួញទុច្ចរិតលួចនាំចូលពីប្រទេសវៀតណាម ដោយខុសច្បាប់។

ការដុតកម្ទេចចោលបង្គារមានចាក់ចាហួយនេះ ដោយទទួលបានការអនុញ្ញាតពី លោក ឯក ឆេតហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នារសៀលថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ២០២៥ លោក ស៊្រីវ គឹមស្រស់ ព្រះអាជ្ញារងអមសាលាដំបូងខេត្ត រួមជាមួយ លោក លៀង សុភា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តតាកែវ សហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត បានធ្វើការដុតបំផ្លាញចោលនូវ បង្ការ ចាក់ចាហួយ ចំនួន ៣៧ កេស ស្មើនឹង ៣៧០ គីឡូក្រាម ដែលបានធ្វើការ ដកហូតពីក្រុមឈ្មួញដឹកមកពីច្រកទ្វារព្រែកចាក ខេត្តកំពត កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចភូមិសាស្រ្តផ្លូវជាតិលេខ៣ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ។

សូមជម្រាបជូនដែរថា កាលពីរសៀលថ្ងៃសៅរ៍ ទី០៧ ខែមិថុនា ឆ្នាំ២០២៥នេះ លោក ស្រ៊ីវ គឹមស្រស់ ព្រះរាជអាជ្ញារង បានដឹកនាំមន្រ្តីសាខា ក.ប.ប.ខេត្តតាកែវ និងកម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះធ្វើការត្រួតពិនិត្យរថយន្តកូរ៉េ មួយគ្រឿងដឹកចេញមកពីច្រកព្រែកចាក ខេត្តកំពត ចំនួន ១៣០ កេស (១កេស=១០គក) នៅចំណុចមុខអធិការដ្ឋាន នគរបាលស្រុកត្រាំកក់។ ជាលទ្ធផលយើងរកឃើញមានបង្ការចាក់ចាហួយ ចំនួន ៣៧ កេស ស្មើនឹង ៣៧០គីឡូក្រាម៕