
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥។ នេះបើយោតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋាន នៃរដ្ឋសភា។
ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ គឺតបតាមការអញ្ជើញរបស់ឯកឧត្តម ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ។ សមាសភាពគណៈប្រតិភូអមដំណើរសម្តេចតេជោ រួមមាន ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា សមាជិកព្រឹទ្ធសភា-រដ្ឋសភា ថ្នាក់ដឹកនាំសំខាន់ៗ នៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងថ្នាក់ដឹកនាំមកពីក្រសួង/ស្ថាប័ននានា។
ក្នុងអំឡុងទស្សនកិច្ចនៅឥណ្ឌូណេស៊ី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងមានជំនួបសម្តែងការគួរសម និងពិភាក្សាការងារដាច់ដោយឡែកៗពីគ្នា ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ឥណ្ឌូណេស៊ី រួមមាន ឯកឧត្តម ប្រាបូរ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតី, ឯកឧត្តម ស៊ុលតាន់ បាចទីយ៉ា ណាចាមូឌីន, ប្រធានព្រឹទ្ធសភា និងលោកជំទាវ ពាន់ ម៉ាហារ៉ានី ប្រធានរដ្ឋសភា។
ក្នុងឱកាសស្នាក់នៅរដ្ឋធានីហ្សាការតា សម្តេចតេជោ ប្រធានព្រឹទ្ធសភា នឹងអញ្ជើញបំពេញទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាន និងមានជំនួបរួមគ្នាជាមួយអគ្គលេខាធិការអាស៊ាន គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន និងឯកអគ្គរដ្ឋទូតទីម័រឡេស្តេប្រចាំអាស៊ាន និងផ្តល់បាឋកថាពិសេស ក្រោមប្រធានបទ «កម្ពុជា និងអាស៊ាន, អាស៊ាន និងពិភពលោក» ដែលជាវិភាគទានដ៏សំខាន់ក្នុងការអបអរសាទរខួប ២៦ឆ្នាំ នៃការចូលជាសមាជិកអាស៊ានរបស់កម្ពុជា។
ជាមួយគ្នានេះ សម្តេចតេជោ នឹងអញ្ជើញថ្លែងបាឋកថា ក្រោមប្រធានបទ ស្តីពី «ទស្សនៈ និងបទពិសោធន៍ នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា» នៅសាលាសិក្សាអំពីរដ្ឋាភិបាលនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA School of Government) ដែលនឹងមានការចូលរួមដោយអគ្គលេខាធិការ អាស៊ាន តំណាងអចិន្ត្រៃយ៍អាស៊ាន, អង្គទូតប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ីនិងប្រចាំអាស៊ាន, ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំនៃក្រសួង/ស្ថាប័នរដ្ឋឥណ្ឌូណេស៊ី និងអង្គការសង្គមស៊ីវិលនៅឥណ្ឌូណេស៊ី។
ក្នុងអំឡុងទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ សម្តេចតេជោ ប្រធានព្រឹទ្ធសភា នឹងមានជំនួបដាច់ដោយឡែកពីគ្នា ជាមួយឯកឧត្តម ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតីទីម័រ ឡេស្តេ, ឯកឧត្តម កៃ រ៉ាឡា សាណាណា ហ្គូសម៉ៅ នាយករដ្ឋមន្ត្រីទីម័រឡេស្តេ, និងលោកជំទាវ ម៉ារៀ ហើណាន់ដា ឡៃ ប្រធានរដ្ឋសភាទីម័រឡេស្តេ។ ក្នុងឱកាសទស្សនកិច្ចនេះដែរ សម្តេចតេជោ នឹងអញ្ជើញ ថ្លែងសុន្ទរកថា ក្នុងសម័យប្រជុំពិសេស នៅរដ្ឋសភាទីម័រឡេស្តេ និងផ្តល់បាឋកថាលើប្រធានបទ ស្តីពី «មេរៀនរបស់ ហ៊ុន សែន៖ ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព» នៅវិមានប្រធានាធិបតី ដោយមានការចូលរួមពីសមាជិកសភា, មន្ត្រីរដ្ឋាភិបាល, អង្គទូត, និស្សិត, និង សង្គមស៊ីវិលទីម័រឡេស្តេ។
គួរកត់សំគាល់ផងដែរថា ជាកិច្ចតបស្នងទៅនឹងគុណបំណាច់ និងវិភាគទាន ដ៏សំខាន់របស់ សម្តេចតេជោ ក្នុងការជួយគាំទ្រដល់ទីម័រឡេស្តេ ជាង ២ទសវត្សរ៍កន្លងមក ជាពិសេស ចំពោះការជម្រុញទីម័រឡេស្តេ ចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ឯកឧត្តម ប្រធានាធិបតីទីម័រឡេស្តេ នឹងបំពាក់គ្រឿងឥស្សរិយយស Grand Collar of the Order of Timor-Leste ដែលជាឥស្សរិយយស កម្រិតខ្ពស់បំផុត និងក៏ជាការផ្តល់កិត្តិយសដ៏ធំធេងពីភាគីទីម័រឡេស្ដេជូនសម្តេចតេជោ ប្រធានព្រឹទ្ធសភាផងដែរ។
ទស្សនកិច្ចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋឥណ្ឌូណេស៊ី និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នាពេលនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់កម្ពុជា ក្នុងការលើកកម្ពស់ការទូតសភារបស់កម្ពុជា សំដៅដល់ការពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ ដែលនឹងរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព ក្នុងតំបន់ និងពិភពលោក៕




