2024-12-15 13:16
158

បើយោងទៅតាមរបាយការណ៍ថ្មីមួយ ដែលត្រូវបានសម្របសម្រួលដោយសាកលវិទ្យាល័យ Glasgow និងត្រូវបានចាត់តាំងដោយអង្គការសុខភាពពិភពលោកបានឲ្យដឹងថា ការជក់បារី ឥឡូវនេះគឺជារឿងធម្មតាទៅហើយ នៅក្នុងចំណោមមនុស្សវ័យក្មេង។ 

នេះជាការស្រាវជ្រាវ ដែលបានរកឃើញថាប្រជាប្រិយភាពនៃការជក់បារី ក្នុងចំណោមយុវវ័យនៅចក្រភពអង់គ្លេស បានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

យោងតាមការស្ទង់មតិដែលបានធ្វើឡើងដោយអង្គការសប្បុរសធម៌ ប្រឆាំងនឹងការជក់បារី Ash បានឲ្យដឹងថា ចំនួនកុមារដែលត្រូវបានពិសោធន៍ជាមួយ vapes បានកើនឡើងពី ៧.៧ ភាគរយ (7.7%) ក្នុងឆ្នាំ ២០២២ ដល់ ១១.៦ ភាគរយ (11.6%) ក្នុងឆ្នាំ ២០២៣។ 

ភាគច្រើននៃយុវ័យទាំងនេះ ចង់សាកល្បង vapes ដោយភាគច្រើនពួកគេបានដឹងដោយសារតែការផ្សព្វផ្សាយ vapes នៅក្នុងហាង តាមអ៊ីនធឺណេត និងការលើកទឹកចិត្តផ្សេងទៀតសម្រាប់ការប្រើប្រាស់  vapes ដែលរួមមានដូចជា ការទទួលបាននូវភាពងាយស្រួលនៃការទទួលបានរសជាតិ (មនុស្សវ័យក្មេងត្រូវបានទាក់ទាញ ជាពិសេសចំពោះរសជាតិផ្លែឈើ ឬបង្អែម) និងធ្វើឲ្យពួកគេគិតថាវាងាយស្រួលក្នុងការទំនាក់ទំនងជាមួយនឹងមិត្តភក្តិរបស់ពួកគេ។

ប៉ុន្តែទន្ទឹមនឹងនោះ ពួកគេមិនបានដឹងទេថា ការជក់បារីអេឡិចត្រូនិចក៏អាចបង្កើននូវហានិភ័យជាច្រើន ចំពោះពួកគេផងដែរ ដែលរួមមានគ្រោះថ្នាក់ទៅដល់សួតក៏ដូចជាខួរក្បាលជាដើម។ 

ជាតិនីកូទីន ដែលមាននៅក្នុង vapes ធ្វើឲ្យប៉ះពាល់ទៅដល់ក្មេងជំទង់ខុសពីមនុស្សពេញវ័យដោយសារតែខួរក្បាលរបស់ពួកគេងាយនឹងទទួលឥទ្ធិពលអាក្រក់ពីជាតិនីកូទីននេះខ្លាំង។ 

ជាតិនីកូទីន អាចមានឥទ្ធិពលយូរអង្វែងទៅលើខួរក្បាលក្មេងវ័យជំទង់។ ព្រោះថាផលប៉ះពាល់នៃជាតិនីកូទីន អាចធ្វើឲ្យប៉ះពាល់ទៅដល់សមត្ថភាពនៃការសិក្សា និងការផ្ដោតអារម្មណ៍របស់មនុស្សវ័យក្មេង ហើយអាចធ្វើឲ្យពួកគេពិបាកនៅក្នុងការគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯង នៅពេលដែលពួកគេឈានទៅដល់ពេលពេញវ័យបានថែមទៀតផង។

សូម្បីតែជាតិនីកូទីន ក្នុងបរិមាណតិចតួចក៏អាចជាការប្រថុយប្រថានសម្រាប់ក្មេងជំទង់ ដែលងាយនឹងបណ្ដាលឲ្យពួកគេងាយនឹងកើតជំងឺហឺត ដែលធ្វើឲ្យពួកគេងាយនឹងស្រ្តេស និងអាចបង្កឲ្យមានបញ្ហាផ្លូវអារម្មណ៍នៅពេលក្រោយក្នុងជីវិតរបស់ពួកគេទៀតផង។

ហើយចំពោះ យុវជនដែលមានវ័យចាប់ពី ២០ ទៅ ៣០ ឆ្នាំ ដែលមានទម្លាប់ជក់បារីអេឡិចត្រូនិច (vapes) ជាញឹកញាប់នោះ ទំនងជាពួកគេត្រូវបានប្រឈមទៅនឹងហានិភ័យខ្ពស់ ជាពិសេសនោះគឺអាចបង្កឲ្យកើតមាននូវជំងឺបេះដូង ហើយមូលហេតុទាំងនេះក៏ព្រោះតែ ការជក់នូវបារីអេឡិចត្រូនិច (vapes) នេះអាចធ្វើឲ្យមុខងារនៃសរសៃរឈាមដែលមាននៅក្នុងរាងកាយ មានការចុះខ្សោយគួរឲ្យកត់សម្គាល់ផងដែរ។