រាជធានីតូក្យូ៖ ក្រោយការចាញ់ នាដំណាក់កាលចុងក្រោយ នៃសង្គ្រាមលោកលើកទី២នោះមក ជប៉ុន បានហាមឃាត់យ៉ាងតឹងរឹង ដល់ការនាំចេញគ្រឿងសព្វាវុធទៅក្រៅប្រទេស ប៉ុន្ដែកាលពីព្រឹក ថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ គណៈរដ្ឋមន្ត្រីជប៉ុន បានសម្រេចបន្ធូរបន្ថយច្បាប់ ស្ដីពីការផ្ទេរគ្រឿងសព្វាវុធដ៏តឹងរឹងនោះ ដើម្បីអនុញ្ញាតឱ្យមានការនាំចេញយន្តហោះចម្បាំងជំនាន់ក្រោយ ដែលកំពុងតែត្រូវបានអភិវឌ្ឍរួមគ្នា ជាមួយចក្រភពអង់គ្លេស និង អ៊ីតាលី។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបារាំង AFP ។
រហូតមកដល់ពេលនេះ ប្រទេសមានសេដ្ឋកិច្ចជឿនលឿន ចំនួន៣ រួមមាន ជប៉ុន ចក្រភពអង់គ្លេស និង អ៊ីតាលី កំពុងតែចាប់ដៃគ្នា ប្រមូលផ្តុំចំណេះដឹងរបស់ខ្លួន នៅក្នុងវិស័បច្ចេកវិទ្យាប្រយុទ្ធតាមផ្លូវអាកាសដ៏ទំនើប ដើម្បីអភិវឌ្ឍយន្តហោះចម្បាំងដ៏ទំនើបបំផុត ជាមួយនឹងក្ដីសង្ឃឹម ថា នឹងផលិតរួចរាល់ នៅឆ្នាំ២០៣៥។
លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី (Yoshimasa Hayashi) អ្នកនាំពាក្យ រដ្ឋាភិបាលជប៉ុន បានបញ្ជាក់ ថា គណៈរដ្ឋមន្ត្រី បានអនុម័តលើការធ្វើវិសោធនកម្ម ចំពោះច្បាប់នាំចេញអាវុធរបស់ប្រទេសជប៉ុន បន្ទាប់ពីមានការព្រមព្រៀង ដោយរដ្ឋាភិបាលចម្រុះ ដែលកំពុងតែកាន់អំណាច កាលពីដើមខែមីនា ឆ្នាំ២០២៤។ ប្រទេសជប៉ុន កាលពីមុន បានហាមឃាត់នូវការនាំចេញគ្រឿងសព្វាវុធ ឬ សម្ភារៈយោធាចេញពីប្រទេសរបស់ខ្លួន ទៅកាន់ប្រទេសទី៣ បើទោះជាមានការលើកលែងខ្លះ កាលពីប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះយ៉ាងណាក៏ដោយ។
អ្នកនាំពាក្យរដ្ឋាភិបាល រូបនេះ បានប្រាប់ដល់ក្រុមអ្នកយកព័ត៌មាន ថា «ផែនការបង្កើតយន្តហោះចម្បាំង ដែលមានសមត្ថភាពចាំបាច់ សម្រាប់សន្តិសុខជាតិរបស់យើង ត្រូវតែសម្រេចបាន ដើម្បីធានា ថា ការការពារជាតិរបស់យើង នឹងមិនត្រូវបានសម្របសម្រួលនោះឡើយ។ យើងត្រូវមានប្រព័ន្ធមួយ អាចធ្វើឱ្យយើង ផ្ទេរឧបករណ៍ការពារទៅកាន់ប្រទេសផ្សេង ក្រៅពីដៃគូរបស់យើង ហើយដើម្បីរួមចំណែកស្មើនឹងចក្រភពអង់គ្លេស និង អ៊ីតាលី»។
យន្តហោះចម្បាំងផលិតនៅក្នុងប្រទេសជប៉ុន ទាំងនោះ អាចធ្វើដំណើរទៅកាន់ប្រទេស ដែលមិនជាប់ពាក់ព័ន្ធនឹងជម្លោះយ៉ាងសកម្ម ហើយប្រទេសដែលបានចុះហត្ថលេខាលើការសន្យាជាអន្តរជាតិ នៅក្នុងការប្រើប្រាស់អាវុធ សមស្របតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។
បើទោះជាយ៉ាងនេះក្តី ប្រទេសជប៉ុន បានកែលម្អគោលនយោបាយសន្តិសុខរបស់ខ្លួន នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ ដោយបានគូសបញ្ជាក់យ៉ាងច្បាស់ អំពីបញ្ហាប្រឈម ដែលបង្កឡើង ដោយប្រទេសចិន។ ជប៉ុន គ្រោងនឹងបង្កើននូវការចំណាយលើវិស័យការពារជាតិ ស្របតាមស្តង់ដាររបស់អង្គការណាតូ ចំនួន២ភាគរយ នៃផលិតផលក្នុងស្រុកសរុប ឬGDP នៅក្នុងឆ្នាំ២០២៧៕