រដ្ឋធានីប៉េកាំង៖ ការក្លែងបន្លំគណនេយ្យដ៏ធំ នៅក្នុងក្រុមហ៊ុន China Evergrande ធ្លាប់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេស កំពុងបន្ថែមការប្រមាថ កាន់តែធ្ងន់ ខណៈភាពលោភលន់ផ្ទាល់ខ្លួន និង ការប្រព្រឹត្តខុសរបស់ប្រធានក្រុមហ៊ុន លោក ហ៊ួយ កា-យ៉ាន់ (Hui Ka-yan) ប្រាកដជានាំទៅរកការក្លែងបន្លំ និង បង្កឲ្យមានបញ្ហាកាន់តែធ្ងន់ធ្ងរ នៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសមហាយក្សអាស៊ីមួយនេះ។ នេះបើតាមសារព័ត៌មាន South China Morning Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤។
បើតាមគណៈកម្មការនិយតកម្មមូលបត្រចិន បានឲ្យដឹង ថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យយក្ស China Evergrande បានបង្កើនការលក់របស់ខ្លួន ចំនួន៥៦៤ពាន់លានយន់ (Yuan លុយចិន) ឬស្មើនឹងប្រហែល៧៩ពាន់លានដុល្លារអាមេរិក នៅក្នុងរយៈពេលពីរឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ ហើយបានប្រឌិតប្រាក់ចំណេញរបស់ខ្លួន ចំនួន៩២ពាន់លានយន់។ នេះជាករណីដែលគេបានស្គាល់ អំពីការប្រឌិតហិរញ្ញវត្ថុដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់ចិន។
ក្រុមនិយតករ បានដាក់ពិន័យទៅលើក្រុមហ៊ុន និង លោកប្រធាន ហ៊ួយ ព្រមទាំងហាមមិនឲ្យអតីតប្រធានរូបនេះ ចូលទៅទីផ្សារមូលបត្រ អស់មួយជីវិត។ ការពិន័យរដ្ឋបាលនេះ ត្រូវបានគេរំពឹង ថា វាគ្រាន់តែជាការចាប់ផ្តើម នៃការដាក់ទណ្ឌកម្ម ប្រឆាំងនឹងលោកប្រធានក្រុមហ៊ុន ហ៊ួយ តែប៉ុណ្ណោះ។ ស្របគ្នានេះ គាត់ត្រូវបានដាក់ឱ្យស្ថិតក្រោមការស៊ើបអង្កេត ប៉ុន្តែមិនទាន់ត្រូវបានចោទប្រកាន់នោះឡើយ ហើយលោក ហ៊ួយ ត្រូវបានកំណត់ឱ្យប្រឈមមុខនឹងចំណាត់ការតាមផ្លូវច្បាប់។
ការជាប់ពាក់ព័ន្ធនោះ នៅត្រង់ថា ក្រុមហ៊ុន China Evergrande មិនមានប្រាក់ តាមអ្វីដែលខ្លួនធ្លាប់បានទាមទារនោះឡើយ ហើយវាបានក្លាយទៅជាការចំណាយបន្ថែម និង បន្ទុក សម្រាប់អ្នកពាក់ព័ន្ធផ្សេងទៀត ដែលបន្សល់ទុក ដើម្បីលាងជម្រះភាពរញ៉េរញ៉ៃនេះ។ ក្រុមហ៊ុន China Evergrande បានក្លាយជាចំណុចខ្មៅរួចហើយ និង ការលាតត្រដាងអំពីការក្លែងបន្លំ ចំនួន៥៦៤ពាន់លានយន់ ទើបធ្វើឱ្យក្រុមហ៊ុនកាន់តែពិបាក នៅក្នុងការបិទបាំងបញ្ហានេះ។ ក្នុងន័យទូលំទូលាយ អំពើទុច្ចរិត នៅក្នុងក្រុមហ៊ុន China Evergrande អាចបង្ហាញ អំពីបញ្ហារចនាសម្ព័ន្ធជាមួយវិស័យអចលនទ្រព្យរបស់ប្រទេសចិន។ ក្រុមហ៊ុននេះ ទំនងជាមិនមែនជាក្រុមហ៊ុនតែមួយគត់ ត្រូវបានលាតត្រដាង ហើយវាជាអាថ៌កំបាំងបើកចំហ ដែលទ្រព្យសកម្ម ត្រូវកត់សម្គាល់ទៅលើទីផ្សារជាញឹកញាប់ ហើយវាអាចត្រូវបានលក់ដោយការបញ្ចុះតម្លៃយ៉ាងច្រើន ប្រសិនបើមានអ្នកទិញណាមួយ។ ក្រុមហ៊ុន China Evergrande បានវណ្ឌក នឹងបំណុល រាប់រយពាន់លានដុល្លារអាមេរិក ហើយក្លាយជាវិបត្ដិអចលនទ្រព្យដ៏ធំបំផុត នៅក្នុងប្រទេសចិន៕