2026-02-15 10:05
18

បើកសន្និសិទសន្តិសុខទីក្រុង Munich ប្រចាំឆ្នាំ លោក Friedrich Merz អធិការធិបតីអាល្លឺម៉ង់បានប្រាប់មេដឹកនាំពិភពលោកផ្សេងទៀតថា "សេរីភាពរបស់យើងមិនត្រូវបានធានាទេ" នៅក្នុងយុគសម័យនៃនយោបាយមហាអំណាច ដូច្នេះប្រជាជនអឺរ៉ុបត្រូវតែត្រៀមខ្លួនជាស្រេចដើម្បីធ្វើ "ការលះបង់"។ 

លោកព្រមានថា បច្ចប្បន្ននេះសណ្តាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ "លែងមានទៀតហើយ"។ លើកឡើងពីការកៀកនឹងភាពប្រេះស្រាំជាមួយមហាអំណាច លោក Friedrich Merz បន្តថា ពេលនេះរវាងអឺរ៉ុប និងអាមេរិកកំពុងមានការបែងចែកយ៉ាងស៊ីជម្រៅរវាងគ្នានិងគ្នា។

មិនមែនជាការព្រមានដោយគ្មានដើមចមនោះទេ ការលើកឡើងរបស់អធិការធិបតីអាល្លឺម៉ង់រូបនេះ ធ្វើឡើងក្រោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump តែងតែបង្ហាញមហិច្ឆតារបស់ខ្លួនមិនលែង ក្នុងការចង់កាន់កាប់កោះ Greenland របស់ដាណឺម៉ាក។ ការចិញ្ចឹមចិត្តបែបនេះរបស់ លោក Trump ត្រូវបានមេដឹកនាំអឺរ៉ុបជាច្រើនចាត់ទុកថា វាជាពេលវេលាដ៏អាក្រក់មួយ ដែលកំពុងបំផ្លាញទំនុកចិត្តជាមួយសម្ព័ន្ធមិត្តដ៏ធំបំផុតរបស់ពួកគេ។

គួរបញ្ជាក់ថា ក្នុងការបើកសន្និសិទសន្តិសុខទីក្រុង Munich ប្រចាំឆ្នាំ មេដឹកនាំពិភពលោកចំនួន50 ត្រូវបានរំពឹងថានឹងចូលរួមក្នុងឆ្នាំនេះ ដែលប្រធានបទនឹងពិភាក្សាអំពី ការការពារអឺរ៉ុប, អនាគតនៃទំនាក់ទំនងអាត្លង់ទិក សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ភាពតានតឹងរវាងលោកខាងលិច និងចិន ក៏ដូចជាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់-អាមេរិក ដែលត្រូវបានស្ថិតក្នុងរបៀបវារៈនៅឯការជួបជុំប្រចាំឆ្នាំផងដែរ៕

អត្ថបទដោយ៖ ម៉េង ធីដា