2026-02-15 09:48
17

លោក Keir Starmer នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសបានថ្លែងនៅការិយាល័យរបស់លោកថា អឺរ៉ុបគឺជា "យក្សដេកលក់" ដែលគួរតែកាត់បន្ថយការពឹងផ្អែករបស់ខ្លួនខ្លាំងពេកលើសហរដ្ឋអាមេរិកសម្រាប់វិស័យការពារជាតិ។

ថ្លែងបន្តក្នុងសុន្ទរកថាមុនចូលរួមក្នុងសន្និសិទសន្តិសុខទីក្រុង Munich នៅថ្ងៃទី១៥ ខែកុម្ភៈ នាយករដ្ឋមន្ត្រីអង់គ្លេសបានវាយតម្លៃប្រៀបដូចជាការទះអឺរ៉ុបមួយដៃឲ្យភ្ញាក់ថា អឺរ៉ុបជាមហាយក្សដែលកំពុងដេកលក់។ លោកបន្តដាស់ស្មារតីអឺរ៉ុបថា សេដ្ឋកិច្ចរបស់យើងធំជាងរុស្ស៊ី 10 ដង។ យើងមានសមត្ថភាពការពារជាតិដ៏ធំសម្បើម។ តែទោះជាយ៉ាងណាក៏ដោយ ទាំងនេះមិនបានផ្តល់លទ្ធផលដូចការរំពឹងទុករបស់សោះទាល់តែសោះ។

លើកការដាស់តឿនដោយប្រើសម្ដីមុតស្រួច លោក Keir Starmer ប្រែបន្ទន់ឥរិយាបថដោយលើកពីភាពស៊ីចង្វាក់គ្នាជាមួយអឺរ៉ុបវិញថា លោកចង់ឲ្យមានការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប ដោយបន្តលើកជាសេណារីយ៉ូថា ៖ “អង់គ្លេសនឹងគ្មានសន្តិសុខទេបើគ្មានអឺរ៉ុប ហើយសន្តិសុខអឺរ៉ុបនឹងមិនត្រូវបានធានាទេបើគ្មានអង់គ្លេស។”

គួរឲ្យដឹងថា កាលពីថ្ងៃទី13 ខែកុម្ភៈ រដ្ឋាភិបាលអង់គ្លេសបានប្រកាសថា ខ្លួននឹងចាយប្រាក់ជាង 540 លានដុល្លារក្នុងឆ្នាំសារពើពន្ធនេះលើអាវុធដែលមានល្បឿនលឿនជាងសំឡេង និងអាវុធរយៈចម្ងាយឆ្ងាយ រួមទាំងគម្រោងក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសបារាំង អាល្លឺម៉ង់ និងអ៊ីតាលី។ 

រីឯចំពោះសន្និសីទសន្តិសុខទីក្រុង Munich លើកទី62 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី13 ដល់ថ្ងៃទី15 ខែកុម្ភៈនេះ នៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ កំពុងតែបានប្រមូលផ្តុំអ្នកបង្កើតគោលនយោបាយ និងមេដឹកនាំរាប់រយនាក់មកពីជុំវិញពិភពលោក ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមចំពោះគោលនយោបាយសន្តិសុខផងដែរ៕

អត្ថបទដោយ៖ ម៉េង ធីដា