ប្រែពីមានភាពរកាំរកូសនឹងគ្នា បន្ទាប់ពីមានការហៅទូរស័ព្ទដ៏ស្និទ្ធស្នាលមួយកាលពីថ្ងៃពុធជាមួយមេដឹកនាំទីក្រុងប៉េកាំង ប្រធានាធិបតីអាមេរិកបែរជាប្រសិទ្ធនាមការសន្ទនាជាមួយ លោក Xi Jinping ថា "ល្អឥតខ្ចោះ និងហ្មត់ចត់" ។
តាម BBC ដែលចេញផ្សាយនៅថ្ងៃទី០៥ កុម្ភៈនេះបានឲ្យដឹងថា អំឡុងកំពុងមានការសន្ទនាគ្នាតាមទូរស័ព្ទយ៉ាងល្អូកល្អើនរវាងមេដឹកនាំចិន និងអាមេរិក ស្រាប់តែ លោក Xi បានខ្សឹបព្រមានដោយប្រយោលដាក់ត្រចៀក លោក ត្រាំ ឲ្យប្រុងប្រយ័ត្នផងនៅពេលផ្គត់ផ្គង់អាវុធដល់កោះតៃវ៉ាន់ ព្រោះចិនកំពុងប្រើខ្សែភ្នែកយ៉ាងយកចិត្តទុកដាក់សម្លឹងមើលទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន។
សារដាស់តឿនរបស់ទីក្រុងប៉េកាំងយ៉ាងត្រជាក់ស្រេបទៅកាន់ទីក្រុងវ៉ាស៊ីនតោន ក្រោយរដ្ឋបាល លោក Trump បានប្រកាសលក់អាវុធដ៏ធំដែលមានតម្លៃប្រហែល 11ពាន់លានដុល្លារ ដល់តៃវ៉ាន់ ដែលរួមមានគ្រាប់រ៉ុក្កែតទំនើប កាំភ្លើងបាញ់ដោយខ្លួនឯង និងកាំជ្រួចជាច្រើនប្រភេទ កាលពីខែធ្នូកន្លងទៅ។
ជាការបង្វែរសារព្រមានរបស់ចិន មេដឹកនាំអាមេរិកបែរជាប្ដូរសាច់រឿងក្នុងការអបអរសាទរ ដែលទីក្រុងប៉េកាំងកំពុងពិចារណាទិញសណ្តែកសៀងអាមេរិកចំនួន 20 លានតោនទៅវិញ។
រឿងដែលគេកំពុងចាប់អារម្មណ៍មួយទៀតនោះ លោក ត្រាំ ដែលទើបដាស់តឿនចក្រភពអង់គ្លេសថាជារឿងមានគ្រោះថ្នាក់ខ្លាំងណាស់ ដែលមេដឹកនាំអង់គ្លេសសម្រេចធ្វើជំនួញជាមួយចិន តែបែរជាលោកខ្លួនឯងផ្ទាល់គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសចិនក្នុងខែមេសាខាងមុខទៅវិញ ដែលមេដឹកនាំអាមេរិករូបនេះបានហៅដំណើរទស្សនកិច្ចនេះថា ជាពេលដែលលោក«ទន្ទឹងរង់ចាំយ៉ាងខ្លាំង» នេះបើតាមការបង្ហោះលើបណ្ដាញសង្គមផ្ទាល់របស់ លោក ត្រាំ។
សញ្ញាវិជ្ជមានរវាងអាមេរិកនិងចិនដែលកំពុងលេចឡើងបណ្ដើរៗនេះ បានធ្វើឲ្យគេដាក់ការព្រួយបារម្ភថា បញ្ហាដែលចិនអាចបញ្ចូលតៃវ៉ាន់ឲ្យស្ថិតក្នុងការគ្រប់គ្រងរបស់ខ្លួនពេញលេញនាថ្ងៃអនាគត ហាក់មិនធ្វើឲ្យទីក្រុងវ៉ាស៊ីនតោនឈឺក្បាលនោះទេ ខណៈបើប្រៀបធៀបសហរដ្ឋអាមេរិកមានទំនាក់ទំនងផ្លូវការជាមួយទីក្រុងប៉េកាំងជាជាងតៃវ៉ាន់ ប៉ុន្តែក៏ជាសម្ព័ន្ធមិត្តដ៏មានឥទ្ធិពលរបស់តៃវ៉ាន់ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំបំផុតរបស់កោះនេះផងដែរ៕
អត្ថបទដោយ៖ ម៉េង ធីដា




