2026-01-11 10:59
11

ថៃ៖ នៅថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០២៦ អង្គភាពប្រតិបត្តិការពិសេស នៃស្នងការដ្ឋាននគរបាលខេត្តយ៉ាឡា បានឲ្យដឹងថា មានជនមិនស្គាល់មុខ ធ្វើសកម្មភាពបំផ្ទុះគ្រាប់បែក និងដុតបំផ្លាញស្ថានីយប្រេងឥន្ធនៈ និងហាងលក់ទំនិញសរុបចំនួន ១១ កន្លែង ដែលភាគច្រើនជាស្ថានីយប្រេងឥន្ធនៈ PTT ស្ថិតនៅក្នុងខេត្តយ៉ាឡា ខេត្តប៉ាតានី និងខេត្តណារ៉ាទីវ៉ាត់ នៃភាគខាងត្បូងប្រទេសថៃ។

យោងតាមប្រភពពីសមត្ថកិច្ចថៃ បានបញ្ជាក់ថា ក្នុងហេតុការណ៍ខាងលើ មិនមានការរាយការណ៍អំពីអ្នករងរបួស ឬអ្នកស្លាប់នោះទេ ខណៈការខូចខាតផ្នែកទ្រព្យសម្បត្តិកំពុងត្រូវបានវាយតម្លៃជាបន្ត។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចូលទៅគ្រប់គ្រងស្ថានការណ៍ បិទខ្ទប់តំបន់រងគ្រោះ និងដាក់វិធានការសន្តិសុខយ៉ាងតឹងរ៉ឹង ដើម្បីធានាសុវត្ថិភាពសាធារណៈ។

ជាមួយគ្នានេះ មន្ត្រីជំនាញកោសល្យវិច័យ និងក្រុមបច្ចេកទេសកំពុងត្រូវបានចាត់ចែងឲ្យចុះពិនិត្យកន្លែងកើតហេតុ ដើម្បីរកមូលហេតុ និងប្រមូលភស្តុតាងពាក់ព័ន្ធ។

អាជ្ញាធរមានសមត្ថកិច្ច បានឲ្យដឹងបន្ថែមថា កម្លាំងសន្តិសុខត្រូវបានរឹតបន្តឹងបន្ថែមនៅតាមតំបន់ជុំវិញ និងខេត្តជាប់ពាក់ព័ន្ធ ដើម្បីទប់ស្កាត់ហេតុការណ៍អសន្តិសុខផ្សេងៗ និងរក្សាស្ថិរភាពនៅភាគខាងត្បូងប្រទេសថៃ៕