កាលពីថ្ងៃទី០៣ ខែមករា លោក ត្រាំ បានព្រមាន លោក Gustavo Petro ប្រធានាធិបតីកូឡុំប៊ី ឱ្យប្រុងប្រយ័ត្នខ្លួន បន្ទាប់ពីកងកម្លាំងសហរដ្ឋអាមេរិក បានធ្វើប្រតិបត្តិការដាក់ទណ្ឌកម្មយោធា ដកអំណាចប្រធានាធិបតី Nicolas Maduro នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដែលជាប្រទេសជិតខាងកូឡុំប៊ី។
បន្ទាប់ពីមានកិច្ចសន្ទនាតាមទូរសព្ទលើកដំបូងរវាងមេដឹកនាំទាំងពីរ ចាប់តាំងពីលោក ត្រាំ បានចូលកាន់តំណែងប្រធានាធិបតីលើកទី២ របស់សហរដ្ឋអាមេរិក កាលពីខែមករា កន្លងមក បានប្រកាសថា “គាត់កំពុងរៀបចំជួបលោក ប៉េត្រូ ក្នុងពេលដ៏ខ្លីខាងមុខនេះ”។
ចៅហ្វាយសេតវិមាន លោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញ Truth Social របស់គាត់ថា “លោក ប៉េត្រូ បានទូរសព្ទមក ដើម្បីពន្យល់ពីស្ថានភាពគ្រឿងញៀន និងភាពខុសគ្នាផ្សេងៗដែលយើងធ្លាប់មាន”។ លោកបានបន្ថែមថា “ខ្ញុំកោតសរសើរចំពោះការទូរសព្ទមក និងសំឡេងរបស់គាត់ ហើយខ្ញុំទន្ទឹងរង់ចាំជួបគាត់ក្នុងពេលឆាប់ៗខាងមុខនេះ នៅសេតវិមាន”។
សូមជម្រាបថា កាលពីថ្ងៃសៅរ៍មុននេះ កម្លាំងយោធាអាមេរិក បានធ្វើប្រតិបត្តិការវាយប្រហារលើប្រទេសវ៉េណេស៊ុយអេឡា តាំងពីព្រឹកព្រលឹមស្រាងៗ ដោយបាញ់គោលដៅយោធា និងរាជការ ដើម្បីយកអំណាចពីប្រធានាធិបតី Maduro និងបញ្ជាក់ភាពអំណាចរបស់វ៉ាស៊ីនតោនលើប្រទេសដែលសម្បូរទៅដោយប្រេងនៅអាមេរិកខាងត្បូង និងបានចាប់ខ្លួនលោក Maduro និងភរិយា នាំខ្លួនឱ្យតុលាការសហព័ន្ធទៅកាន់ទោសពីបទ ជួញដូរគ្រឿងញៀនអន្តរជាតិ និងអាវុធ ប៉ុន្តែ លោក Maduro ប្រធានាធិបតីវេណេស៊ុយអេឡា បានប្រកាសបដិសេធចំពោះតុលាការអាមេរិកថា លោកមិនបានពាក់ព័ន្ធឡើយ៕



